សម្តេចធិបតី បង្ហាញជំនឿថា កម្ពុជានិងជប៉ុន នឹងបន្តតភ្ជាប់ប្រជាជន និងប្រជាជន ឱ្យកាន់តែជិតស្និទ្ធតាមរយៈកិច្ចសហប្រតិបត្តិការ អប់រំ ការងារ និងទេសចរណ៍

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំនឿថា កម្ពុជា និងជប៉ុន នឹងបន្តតភ្ជាប់ប្រជាជន និងប្រជាជន ឱ្យកាន់តែជិតស្និទ្ធតាមរយៈកិច្ចសហប្រតិបត្តិការ អប់រំ ការងារ និងទេសចរណ៍ជាដើម។
ក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នារវាងជាមួយនាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជប៉ុន ដែលជួយអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែ និងមជ្ឈមណ្ឌលភស្តុភាក្នុងតំបន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជា បានត្រៀមខ្លួន និងបើកជំហជានិច្ច ដើម្បីរីកចម្រើនរួមគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ ពីព្រោះកម្ពុជា មានច្បាប់វិនិយោគសេរី មានការលើកទឹកចិត្ត ប្រកបដោយភាពបត់បែន និងមានយន្តការពិគ្រោះយោបល់ទៀងទាត់ជាមួយធុរកិច្ចជប៉ុនផងដែរ។
ជាមួយគ្នានេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា កម្ពុជាក៏បានត្រៀមខ្លួនរួមចំណែកដោះស្រាយតម្រូវការពលកម្មជំនាញរបស់កម្ពុជា នៅជប៉ុន តាមរយៈកម្មសិក្សាការី និងពលករជំនាញ ហើយនៅពេលដែលត្រឡប់មកកម្ពុជាវិញពួកគេនឹងពាំនាំនូវគុណតម្លៃ និងទំនួលខុសត្រូវលើការងារខ្ពស់ផងដែរ៕

