សម្តេចតេជោ៖ ការបញ្ជូនអាវុធយុទ្ធភណ្ឌទៅព្រំដែនមែនទៅធ្វើសង្គ្រាមនោះទេ តែបម្រុងទុកដើម្បីការពារខ្លួន

ភ្នំពេញ៖ ក្នុងឳកាសអញ្ជើញថ្លែងសារពិសេស ពីសាលប្រជុំពេញអង្គនៃវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ការបញ្ជូនអាវុធយុទ្ធភណ្ឌ ទៅព្រំដែននៅពេលនេះ មិនមែនទៅធ្វើសង្គ្រាមនោះទេ តែបម្រុងទុក ដើម្បីការពារខ្លួន ប្រសិនបើភាគីម្ខាងទៀត បង្ករហេតុណាមួយ ហើយរឿងនេះ បទពិសោធន៍ដែលកើតឡើងនៅឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១ ។
សម្តេចតេជោ បន្តថា ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃ កាលពីម្សិលមិញ មិនមែនជាការបញ្ជា ឬក្រោមបន្ទាត់របស់រដ្ឋាភិបាលថៃនោះទេ វាអាចកើតចេញពីអង្គភាព។ នេះជាការសន្និដ្ឋានរបស់សម្តេច។
សម្តេចតេជោ បន្ថែមថា ការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់តំបន់ព្រំដែន មិនមែនដើម្បីធ្វើសង្គ្រាមទេ ពោលគឺគ្រប់យ៉ាង កម្ពុជាធ្វើដើម្បីការពារហេតុការណ៍អាក្រក់ណាមួយ ដែលភាគីម្ខាងទៀតបំពានលើកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានបន្ថែមទៀតថា អាវុធដែលរាជរដ្ឋាភិបាលបញ្ជូននេះទៅមិនមែន ដើម្បីវាយថៃទេ តែគ្រប់យ៉ាងគឺបម្រុងទុក កុំឱ្យជាន់ដានប្រវត្តិសាស្ត្រ ចន្លោះឆ្នាំ២០០៨ ដល់២០១១ ដែលបានប៉ះទង្គិចគ្នានោះ៕
