ក្រសួងការបរទេស៖ ប្រធានាធិបតីរុស្ស៉ី និងរដ្ឋមន្រ្តីការបរទេសតួកគី បានពិភាក្សាអំពីរបៀបបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងការវិវឌ្ឍចាប់តាំងពីមានកិច្ចចរចាផ្ទាល់រុស្ស៉ី-អ៊ុយក្រែន

អង់ការ៉ា៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេសតួកគី បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្រ្តីការបរទេសតួកគី លោក Hakan Fidan បានពិភាក្សាអំពីរបៀបបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងការវិវឌ្ឍចាប់តាំងពីមានកិច្ចចរចាផ្ទាល់រុស្ស៉ី-អ៊ុយក្រែន។
លោក Fidan កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាទីដែលលោកបានជួប លោក ពូទីន និងប្រធានអ្នកចរចារុស្ស៉ី លោក Vladimir Medinsky។
លោក Fidan ត្រូវជួបរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ។ ក្រៅពីរឿងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោកពូទីន និងលោក Fidan បានជជែកអំពីទំនាក់ទំនងទ្វេភាគី លើបញ្ហាសេដ្ឋកិច្ច និងថាមពលផងដែរ។
គួរបញ្ជាក់ថា លោក Fidan ក៏ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងកៀវ នាចុងសប្តាហ៍នេះ ដើម្បីជួបក្រុមមន្ត្រីអ៊ុយក្រែន និងតាមដានការពិភាក្សានៅទីក្រុងអ៉ីស្តង់ប៊ុល។ ទោះមិនទាន់មាន កាលវិភាគថ្មី ឬ ទីតាំង សម្រាប់ការចរចានាពេលអនាគត រវាងរុស្ស៉ី និងអ៊ុយក្រែនក្តី តួកគីដែលជាសមាជិករបស់អង្គការណាតូបាននិយាយម្តង ហើយ ម្តងទៀតថា ខ្លួនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការចរចាបន្តទៀត៕
