សពទ័ពមួកខៀវកម្ពុជា២នាក់ ដែលពលីនៅស៊ូដង់ខាងត្បូង បានបញ្ជូនមកដល់មាតុភូមិហើយ

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សពកងទ័ពមួកខៀវកម្ពុជាចំនួន ២រូប គឺសពអនុសេនីយ៍ឯក ដួង ម៉ាហ្គាលី និងសពអនុសេនីយ៍ទោ ផាត មុន្នី ដែលបានពលីអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ត្រូវបានបញ្ជូនមកដល់មាតុភូមិវិញហើយ។
ពិធីទទួលសពយោធិនទាំង២រូបនេះ បានប្រព្រឹត្តធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ដោយមានការរៀបចំពិធីបែបព្រះពុទ្ធសាសនា (ព្រះសង្ឃបង្សុកូល) ផងដែរ។
បន្ទាប់ពីរៀបចំពិធីទទួលសពរួចរាល់ សពយោធិនទាំង២រូប ត្រូវបានសាច់ញាតិរៀបចំបញ្ជូនទៅបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តជម្ពូវ័ន្ត និងវត្តក្បាលកោះ។
ក្នុងឱកាសនោះ ទទួលសពយោធិនទាំង២រូបនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន បានស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធយុទ្ធជនកម្ពុជាដែលបានពលីក្នុងតំបន់បំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN ដោយបានសម្តែងនូវការសោកស្តាយ ចំពោះការធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់នៅក្នុងបុព្វហេតុមនុស្សធម៌។
សូមរំលឹកថា គិតមកដល់ឆ្នាំ២០២៥នេះ កងទ័ពមួកខៀវកម្ពុជាបានស្លាប់ចំនួន១៣រូប ខណៈអ្នកធ្លាប់រងរបួសមាន ១៦រូប អំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ។ ចាប់ពីឆ្នាំ២០០៦-បច្ចុប្បន្ន មានចំនួន ៩,៨១៥នាក់ (នារី ៨៥៤នាក់) ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរីម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍៕

