ប្រធានាធិបតីបារាំង អំពាវនាវឱ្យគ្រប់គ្នារក្សាការពារ សណ្តាប់ធ្នាប់ពិភពលោកដែលឈរលើច្បាប់អន្តរជាតិ

ហាណូយ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃចន្ទ ទី២៦ ខែឧសភា បានអំពាវនាវឱ្យគ្រប់គ្នារក្សាការពារ សណ្តាប់ធ្នាប់ពិភពលោកដែលឈរលើច្បាប់អន្តរជាតិ អំឡុងទស្សនកិច្ចនៅប្រទេសវៀតណាម ដែលជាជើងទី១ នៃដំណើរទស្សនកិច្ច របស់លោកមកកាន់តំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អំឡុងការចេញសេចក្តីថ្លែងការណ៍រួម ជាមួយសមភាគីវៀតណាម លោក លឿង កឿង (Luong Cuong) នៅទីក្រុងហាណូយ លោក Macron បាននិយាយថា សណ្តាប់ធ្នាប់ពិភពលោក ដែលឈរលើច្បាប់អន្តរជាតិ គឺចាំបាច់ណាស់ ក្នុងគ្រាដែលកំពុងមាន អតុល្យភាពខ្លាំង ហើយនិងការវិលត្រឡប់មកវិញ នៃវោហារសាស្រ្តដែលជំរុញដោយអំណាច។
គួរបញ្ជាក់ថា លោក Macron បានមកដល់វៀតណាមកាលពីយប់ថ្ងៃអាទិត្យ ក្នុងដំណើរទស្សនកិច្ចមួយ មានរយៈពេលសរុប៦ថ្ងៃ ដែលនឹងនាំរូបលោកទៅកាន់ប្រទេសឥណ្ឌូណេស៉ី ព្រមទាំងសិង្ហបុរីផងដែរ។ ដំណើរទស្សនកិច្ចមកកាន់អាស៉ីអាគ្នេយ៍នេះ ត្រូវបានមើលឃើញថាជា ឱកាសមួយដើម្បីស្ទាបស្ទង់ «យុទ្ធសាស្រ្តឥណ្ឌូប៉ាស៉ីហ្វិក» របស់លោក Macron ក្នុងតំបន់មួយដែលកំពុងស្ថិត ក្រោម ការប្រទាញប្រទង់ឥទ្ធិពលរវាងសហរដ្ឋអាមេរិកនិងចិន៕
