ក្រសួងបច្ចេកវិទ្យាវៀតណាម ណែនាំដល់អ្នកផ្តល់សេវាទូរគមនាគមន៍ឱ្យបិទកម្មវិធីផ្ញើសារតេឡេក្រាម ក្រោយមិនសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម

ហាណូយ៖ បើយោងតាមឯកសាររដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ក្រសួងបច្ចេកវិទ្យាវៀតណាមបានណែនាំដល់អ្នកផ្តល់សេវាទូរគមនាគមន៍ឱ្យបិទកម្មវិធីផ្ញើសារតេឡេក្រាម ក្រោយមិនសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនានាដែលបង្កឡើងដោយអ្នកប្រើប្រាស់របស់ខ្លួន។
ឯកសារចុះថ្ងៃទី២១ ខែឧសភា និងចុះហត្ថលេខាដោយអនុប្រធាននាយកដ្ឋានទូរគមនាគមន៍នៅក្រសួងបច្ចេកវិទ្យា បានបញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍ចាត់វិធានការទប់ស្កាត់កម្មវិធីតេឡេក្រាម ហើយត្រូវរាយការណ៍មកក្រសួងវិញត្រឹមថ្ងៃទី២ ខែមិថុនាជាកំហិត។
ក្រសួងបានស្នើឱ្យអ្នកផ្តល់សេវាទូរគមនាគមន៍ស្វែងរកដំណោះស្រាយ និងវិធានការទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មនានា ក្នុងកម្មវិធីតេឡេក្រាម នៅវៀតណាម។
ប៉ូលិសបានរាយការណ៍ថា ៦៨ភាគរយនៃបណ្តាញតេឡេក្រាម និងក្រុមចំនួន៩៦០០ នៅក្នុងប្រទេសបានបំពានច្បាប់ ដោយក្នុងនោះរួមមានទាំងការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និងករណីពាក់ព័ន្ធនឹងអំពើភេរវកម្ម។ នេះបើតាមឯកសាររដ្ឋាភិបាល។
ជុំវិញបញ្ហានេះ ប៉ូលិស និងសារព័ត៌មានរដ្ឋវៀតណាមបានព្រមានម្ដងហើយម្ដងទៀតអំពីឧក្រិដ្ឋកម្មដែលអាចកើតមានដូចជាការក្លែងបន្លំ និងការបំពានទិន្នន័យនៅលើបណ្តាញតេឡេក្រាម និងក្រុមផ្សេងៗ។ យ៉ាងណា តេឡេក្រាម និងក្រសួងបច្ចេកវិទ្យាវៀតណាមមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
គួរបញ្ជាក់ថា បក្សកុម្មុយនីស្ដវៀតណាមផ្តោតលើការចាប់ពិរុទ្ធប្រព័ន្ធផ្សព្វផ្សាយយ៉ាងតឹងរ៉ឹង ខណៈប្រទេសសង្គមនិយមមួយនេះបានស្នើម្ដងហើយម្ដងទៀតលើករណីស្រដៀងគ្នានេះទៅកាន់ក្រុមហ៊ុនផ្សេងៗដូចជា ហ្វេសប៊ុក និងក្រុមហ៊ុន Google ជាដើម។
លើសពីនេះ YouTube និង TikTok បានសហការជាមួយអាជ្ញាធរដើម្បីលុបបំបាត់ខ្លឹមសារបំពុលសង្គម រួមទាំងខ្លឹមសារេជេរប្រមាថ រឿងមិនពិត និងគំនិតប្រឆាំងរដ្ឋ។
គួរបញ្ជាក់ អ្នកប្រើប្រាស់កម្មវិធីតេឡេក្រាមនៅប្រទេសវៀតណាមមានចំនួនជិត ១២លាននាក់ឯ
