និយ័តករធានារ៉ាប់រងកម្ពុជាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិស្ដីពីការធានារ៉ាប់រង ដល់មន្ដ្រីរាជការ និងអ្នកពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖និយ័តករធានារ៉ាប់រងកម្ពុជា នៅសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ស្ដីពីការធានារ៉ាប់រង ដល់មន្ដ្រីរាជការនិងអ្នកពាក់ព័ន្ធមកពីវិស័យសាធារណ: ព្រមទាំងវិស័យឯកជននៅខេត្តបន្ទាយមានជ័យ ។
សិក្ខាសាលានេះធ្វើឡើងនៅសណ្ឋាគារវ៉ាយ ផាលេស រីសត ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ចន្ទគីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ មានការចូលរួមពី លោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់គ្រអាជ្ញាប័ណ្ណ និងកិច្ចការគតិយុត្តិ នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ត្រីរាជការស៊ីវិល សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត តំណាងក្រុមហ៊ុនធានារ៉ាប់រងសរុបប្រមាណ២០០នាក់ ។
នាឱកាសនោះ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ៏យបានមានប្រសាសន៍ថា ៖ នេះជាកម្មវិធីដ៏មានសារៈសំខាន់ ក្នុងការចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងការធានារ៉ាប់រង ដែលជាសមាសភាពដ៏សំខាន់មួយ រួមចំណែកដល់ការទ្រទ្រង់សេដ្ឋកិច្ចជាតិ ស្របតាម “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥” របស់រាជរដ្ឋាភិបាល។ សំដៅលើក្រុមហ៊ុនធានារ៉ាប់រង វិស័យធានារ៉ាប់រង គឺជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលបាននិងកំពុងដើរតួនាទីជាសមាសភាពមួយដ៏សំខាន់ ក្នុងការទ្រទ្រង់វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច នៅក្នុងប្រទេសកម្ពុជា។
លោកអភិបាលរងខេត្តបានបន្តថា៖ វិស័យធានារ៉ាប់រង ត្រូវបានចាប់កំណើតតាំងពីឆ្នាំ១៩៥៦ តែត្រូវបិទទ្វារក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅឆ្នាំ១៩៨០ វិស័យធានារ៉ាប់រងបានចាប់កំណើតសារជាថ្មី ដើម្បីបំពេញតម្រូវការជាអាទិភាពនៃកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងចាប់ផ្ដើមបញ្ជ្រាបចូលក្នុងសង្គមកម្ពុជាបន្តិចម្ដងៗ រហូតមកដល់សព្វថ្ងៃ។ក្នុងនោះ ផលិតផលធានារ៉ាប់រងមានដូចជា ៖ ធានារ៉ាប់រងអាយុជីវិត, សុខភាព, រងគ្រោះថ្នាក់បុគ្គល, ទ្រព្យសម្បត្តិ, ភារៈទទួលខុសត្រូវយានយន្ត, ភារៈទទួលខុសត្រូវការដ្ឋាន រហូតដល់ធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាបផងដែរ។
ថ្លេងនាឱកាសនោះដែរ ឯកឧត្តម ប៊ូ ចន្ទគីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានគូសបញ្ជាក់ថា ៖ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជាឆ្នាំ២០២១ -ឆ្នាំ២០៣០ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងជំរុញការ អនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។ ត្រូវផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ដែលទើបទទួលបានការអនុម័តក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ជូនដល់ប្រតិបត្តិករធានារ៉ាប់រងដែលរួមមានប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង និងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការធ្វើប្រកាស ស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៥ និងដាក់ឲ្យអនុវត្តចាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥តទៅ។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា៖ ប្រកាសនេះ គឺជាសមិទ្ធផលដ៏ប្រសើរ និងជាអំណះអំណាងបញ្ជាក់ថា អ្នកប្រើប្រាស់សេវាធានារ៉ាប់រង ពិតជាបានទទួលនូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ក្នុងការប្រើប្រាស់សេវាធានារ៉ាប់រង មានជាអាទិ៍ ការការពារលើព័ត៌មានឯកជន ការការពារពីសកម្មភាពមិនសុចរិតនានាពីសំណាក់ប្រតិបត្តិការធានារ៉ាប់រង ជាដើម។
សូមបញ្ជាក់ដែរថា៖ ក្នុងសិក្ខាសាលានោះ មានបទបង្ហាញចំនួន៥ រួមមាន : ១-ស្តីពីសញ្ញាណទូទៅនៃការធានារ៉ាប់រងនិងក្របខ័ណ្ឌគោលនយោបាយសម្រាប់វិស័យធានារ៉ាប់រង។២-ស្តីពីអត្ថប្រយោធន៍នៃផលិតផលធានារ៉ាប់រងទូទៅនិងអាយុជីវិត។៣-ស្តីពីនិតិវិធីនៃការចុះឈ្មោះក្នុងបញ្ជីការធានារ៉ាប់រងជារូបវ័ន្តបុគ្គលតាមប្រព័ន្ធស្វ័យប្រវត្តកម្ម។៤-កិច្ចការពារសេវាកម្មអ្នកប្រើប្រាសការធានារ៉ាប់រង។និង៥-បែបបទនិងនិតវិធីនៃការធ្វើអធិការកិច្ចការធានារ៉ាប់រង។ហើយនៅចុងបញ្ចប់ក៏មានវេទិកាសំណួរ ចម្លើយនិងបូលសរុបនិងបិទសិក្ខាសាលាផងដែរ ៕ណុប រក្សា (២៩០១៦)

