អភិបាលខេត្តពោធិ៍សាត់ ណែនាំពលរដ្ឋដែលជាអតីតយុទ្ធជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឱ្យដាំដុះដំឡូងមីពូជថ្មី ដែលអាចបង្កើនទិន្នផលបានច្រើន
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា ណែនាំពលរដ្ឋដែលជាអតីតយុទ្ធជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឱ្យដាំដុះដំឡូងមីពូជថ្មី ដែលអាចបង្កើនទិន្នផលបានច្រើនជាងពូជទូទៅ។
ឯកឧត្ដម ខូយ រីដា បានណែនាំដូច្នេះទៅគ្រួសារអតីតយុទ្ធជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ឧសភា ឆ្នាំ២០២៥។
ឯកឧត្ដមបញ្ជាក់ថា ការណែនាំឱ្យពលរដ្ឋជ្រើសរើសគ្រាប់ពូជដំណាំដំឡូងមី ពូជថ្មី ដាំដុះធ្វើឡើងបន្ទាប់ពីលោកបានសិក្សាជាមួយក្រុមហ៊ុនចិនដែលមកវិនិយោគ ហើយបានធ្វើតេស្តពិសោធពីគុណភាពរបស់ដំឡូវមីខាងលើអស់រយៈពេលជាង១៥ឆ្នាំ។
ឯកឧត្ដមអះអាងថា៖«ក្រោយការធ្វើតេស្តពិសោធរយៈពេលកន្លងមក ឃើញថា គ្រាប់ពូជដំឡូងមីនេះ ទី១.ធន់នឹងអាកាសធាតុ, ទី២.ធន់នឹងជំងឺ មិនពិបាកបាញ់ថ្នាំកម្ចាត់សត្វល្អិតអ្វីទេ ហើយទី៣.ម៉ឺមដំឡូងមានទម្ងន់ធ្ងន់ សម្បូរម្សៅ ប្រសើរជាងពូជដំឡូងបងប្អូនកំពុងបង្កបង្កើនផលបច្ចុប្បន្ន មិនសូវសម្បូរម្សៅ តែសម្បូរជាតិទឹកច្រើន»។
ឯកឧត្ដម ខូយ រីដាក៏សង្កត់ធ្ងន់ថា តាមការវាយតម្លៃអំពីទិន្នផលនៃពូជដំឡូងមី (ពូជថ្មី) គឺ១ហិកតា អាចដាំដុះបានគិតជាមធ្យម ចន្លោះពី៦០ទៅ១០០តោន ខណៈពូជដំឡូងមីធម្មតា ដាំបាន ១ហិកតា ត្រឹមចន្លោះពី១០ទៅ២០តោនប៉ុណ្ណោះ៕