សម្តេចធិបតី៖ កាលមុនខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ជាខេត្តមកហួសទៅហួស តែពេលនេះលែងទៅហួសមកហួសទៀតហើយ តែជាគោលដៅថ្មីនៃការវិនិយោគ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កាលមុន ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង គឺជាខេត្តមកហួសទៅហួស ដោយនៅចន្លោះរាជធានីភ្នំពេញ និងខេត្តបាត់ដំបងតែពេលនេះ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង លែងទៅហួសមកហួសទៀតហើយ តែជាគោលដៅថ្មីនៃការវិនិយោគ។
ក្នុងឳកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា កំពង់ឆ្នាំង ភ្ជាប់ជាមួយពោធិ៍សាត់ បានក្លាយជាខេត្តដ៏មានសក្តានុពល ដោយអ្នកវិនិយោគកំពុងចាប់ផ្ដើមបង្វែរការវិនិយោគមកខេត្តទាំងពីរនេះវិញ ពិសេសនោះ គឺការបើករោងចក្រកាត់ដេរក្នុងវិស័យវាយនភណ្ឌតែម្ដង។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា តាមការរាយការណ៍របស់អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ គឺឥលូវនេះនៅខេត្តកំពង់ឆ្នាំង កំពុងខ្វះកម្លាំងពលកម្មដែរ ខណៈរោងចក្របើកនៅទីនោះត្រូវការកម្លាំងពលកម្មជាង ៦ម៉ឺននាក់ ហើយអាចនឹងរីកបន្ថែមប្រមាណ ២ម៉ឺននាក់ទៀត៕

