សម្តេចធិបតី៖ មន្រ្តីបក្សប្រជាជនកម្ពុជាចុះជាប់ជួយពលរដ្ឋតាមមូលដ្ឋាន មិនមែនចុះតែពេលជិតបោះឆ្នោតទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា មន្រ្តីបក្សប្រជាជនកម្ពុជាបានចុះជួយពលរដ្ឋតាមមូលដ្ឋាន មិនមែនចុះតែពេលជិតបោះឆ្នោតទេ គឺចុះជាប់ជាមួយពលរដ្ឋ។
ក្នុងឳកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា អ្វីដែលពលរដ្ឋបានគាំទ្រដល់បក្សប្រជាជនកម្ពុជា បក្សប្រជាជនកម្ពុជានឹងខិតខំបម្រើពលរដ្ឋត្រឡប់ទៅវិញ។
សម្តេចធិបតី នាយករដ្ឋន្ត្រីក៏បានអរគុណចំពោះក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា បន្តចុះជួយតាមមូលដ្ឋានជាប្រចាំដោះស្រាយបញ្ហាប្រជាពលរដ្ឋគ្រប់កាលទេសៈ គណបក្សប្រជាជនកម្ពុជា នឹងបន្តបម្រើ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៕

