សម្តេចធិបតី៖ ការដាក់ចេញគោលនយោបាយធ្វើផ្លូវ កសាងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយបញ្ចប់សង្គ្រាម គឺសុទ្ធតែបានដាក់ចេញដោយសម្ដេចតេជោ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការដាក់ចេញនូវគោលនយោបាយធ្វើផ្លូវ កសាងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយបញ្ចប់សង្គ្រាម គឺសុទ្ធតែបានដាក់ចេញដោយសម្ដេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន និងទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
ក្នុងឳកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផ្លូវជាតិលេខ ១០ ដែលតភ្ជាប់រវាងកោះកុង និងសំឡូត ឆ្លងកាត់បាត់ដំបង និងពោធិ៍សាត់ សម្រេចបានការសាងសង់រួចរាល់ទាំងស្រុងហើយ រង់ចាំតែការសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការប៉ុណ្ណោះ។
ក្នុងឳកាសនោះសម្តេចធិបតីនាយករដ្ឋមន្ត្រី បានអរគុណចំពោះក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា បន្តចុះជួយតាមមូលដ្ឋានជាប្រចាំដោះស្រាយ បញ្ហាប្រជាពលរដ្ឋគ្រប់កាលទេសៈ គណបក្សប្រជាជនកម្ពុជា នឹងបន្តបម្រើ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៕
