សម្តេចធិបតី៖ បើមិនមានសន្តិភាពទេ តំបន់ប្រម៉ោយ ក្នុងស្រុកវាលវែង មិនអាចក្លាយជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សនោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា បើមិនមានសន្តិភាពទេ តំបន់ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនអាចក្លាយជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បន្តវេនកសាងប្រទេសដូចថ្ងៃនេះនោះទេ។
ក្នុងឳកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បរិវេណសាលានេះ កាលពីមុនជាកន្លែងសង្គ្រាម ទីរហោស្ថាន ប៉ុន្តែបច្ចុប្បន្នប្រែក្លាយជាកន្លែងអប់រំ ជាកន្លែងកសាងធនធានមនុស្ស ជាទីតាំងធម្មជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា កាលពីម្ភៃឆ្នាំមុនតំបន់វាលវែងជាកន្លែងរហោឋាន តំបន់សង្គ្រាម តំបន់ដែលសម្បូរដោយសំណល់គ្រាប់មីន និងគ្រាប់ មិនទាន់ផ្ទុះ។ សន្តិភាព បានប្រែក្លាយតំបន់នេះជាតំបន់អភិវឌ្ឍន៍ មានសាលា មានផ្សារ មានភូមិឋាន មានមនុស្សរស់នៅកុះករជាដើម៕
