សម្តេចធិបតី៖ មន្ត្រីនគរបាលត្រូវបង្កើនការបណ្ដុះបណ្ដាលឱ្យមានសមត្ថភាពតាមស្តង់ដា ដែលកំណត់ដោយសាលានគរបាល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា មន្ត្រីនគរបាលទាំងអស់ត្រូវបង្កើនការបណ្ដុះបណ្ដាល ឱ្យមានសមត្ថភាពតាមស្តង់ដាដែលកំណត់ដោយសាលានគរបាល។
ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែឧសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មន្ត្រីនគរបាលទាំងអស់ត្រូវប្រកបដោយគុណភាព និងបរិមាណ មានន័យថា មន្ត្រីគ្រប់រូបដែលបម្រើការងារក្នុងកងកម្លាំងនគរបាលត្រូវប្រកបដោយគុណភាព និងសមត្ថភាព, មន្ត្រីនគរបាលគ្រប់រូបត្រូវយល់ដឹងពីច្បាប់ និងការអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមជូនពលរដ្ឋឱ្យបានកាន់តែប្រសើរ។
ជាមួយគ្នានេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់បណ្ដាប្រទេសជាមិត្តនានា ដែលបានសហការផ្ដល់ការបណ្ដុះបណ្ដាលដល់កងកម្លាំងនគរបាលជាតិកម្ពុជា អាចមានសមត្ថភាពបង្ក្រាបបទល្មើសគ្រប់រូបភាព។ ក្នុងនោះសម្ដេចបន្តលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិកម្ពុជា ត្រូវខិតខំបន្តហ្វឹកហ្វឺន ពង្រឹងសមត្ថភាព ដើម្បីអាចអនុវត្តការងារបានល្អ៕

