សម្តេចធិបតី ណែនាំដល់នគរបាលជាតិបន្តជំរុញ និងលើកកម្ពស់តួនាទីស្នូលរបស់កងកម្លាំងនគរបាលជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់នគរបាលជាតិបន្តជំរុញ និងលើកកម្ពស់តួនាទីស្នូលរបស់កងកម្លាំងនគរបាលជាតិ ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅមូលដ្ឋានជូនដល់ប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។
សម្ដេចធិបតីបានណែនាំបែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែឧសភានេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានណែនាំដល់កងកម្លាំងនគរបាលជាតិ ជាពិសេសកងកម្លាំងពន្លត់អគ្គិភ័យ ខិតខំហ្វឹកហ្វឺន ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះអគ្គិភ័យ ខណៈបច្ចុប្បន្នដងស៊ីតេនៅក្នុងទីក្រុង ទីប្រជុំជនមានការកើនឡើងខ្លាំង ដូច្នេះទាមទារឱ្យកងកម្លាំងត្រូវមានជំនាញខ្ពស់ និងការងារមមាញឹកជាងមុន៕

