អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តស្ទឹងត្រែង ចុះ MOU ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

ភ្នំពេញ៖ នៅថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក., ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។
ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., លោកជំទាវ ចាន់ សុធាវី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាសមាជិក អ.ដ.ក. , ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., តំណាងសាលាដំបូងខេត្តស្ទឹងត្រែង, ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង, ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម-លោកជំទាវ អភិបាលរងខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីនៃមន្ទី-អង្គភាពពាក់ព័ន្ធជុំវិញខេត្តស្ទឹងត្រែង ចំនួនប្រមាណ ២៣០នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណ ដែល អ.ដ.ក. បានកំណត់យកខេត្តស្ទឹងត្រែង ជាខេត្តដៃគូ និងជាខេត្តអាទិភាពមួយក្នុងការអនុវត្តគម្រោងរបស់ អ.ដ.ក.។ ឯកឧត្តមក៏បានសម្ដែងនូវការគាំទ្រ និងត្រៀមចូលរួមសហការគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាលរបស់ អ.ដ.ក. ផងដែរ។
ក្នុងឱកាសនេះផងដែរ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់អំពីគោលបំណង នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះគឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត ក៏បានធ្វើការផ្សព្វផ្សាយអំពីគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល របស់ អ.ដ.ក. ដែលនឹងបង្កើតឲ្យមានការិយាល័យតំណាងអ.ដ.ក. ប្រចាំនៅខេត្តចំនួន៤ រួមមាន៖ ខេត្តស្ទឹងត្រែង, ខេត្តក្រចេះ, ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
បន្ទាប់ពីបញ្ចប់កម្មវិធី ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន និងថ្នាក់ដឹកនាំនៃ អ.ដ.ក. ក៏បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមបង្កើតការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តស្ទឹងត្រែង ដែលនឹងបើកដាក់ឱ្យដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ ៕

