ទូតចិនប្រចាំកម្ពុជា សរសើរទុរេនអៅខាក់របស់ខ្មែរ ថាឆ្ងាញ់ជាងគេលើពិភពលោក

ភ្នំពេញ៖ ឯកឧត្ដម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសរសើរទុរេនអៅខាក់របស់ខ្មែរថា ជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក។
តាមរយៈបណ្ដាញសង្គមឯកឧត្ដម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា “ ខ្ញុំរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនអៅខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក។ សូមអរគុណដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត”។
សូមរំលឹកថា បើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជីឈ្មោះចម្ការទុរេន សហគមន៍កសិកម្ម រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនរបស់កម្ពុជា នឹងត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជូនទៅឱ្យគយចិនវាយតម្លៃបញ្ចប់ នាអំឡុងខែឧសភានេះ មុននឹងនាំចេញជាផ្លូវការ ហើយកាលពីថ្ងៃទី២០ ខែមេសា ក្រសួងកសិកម្ម បានជូនដំណឹងដល់ម្ចាស់ចម្ការ សហគមន៍កសិកម្ម ម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនស្រស់ដែលមានបំណងនាំចេញទៅកាន់ទីផ្សារប្រទេសចិន ឱ្យប្រញាប់ដាក់ពាក្យស្នើសុំចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម៕

