ឯកឧត្តម ប្រាក់ សុខុន អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកអង្គស្នួល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ ព្រមទាំងការបញ្ចូលសមាជិកថ្មីនៃស្រុកអង្គស្នួល។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ប្រាក់ សុខុន បានអំពាវនាវឱ្យក្រុមការងារគ្រប់ផ្នែក គ្រប់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងប្រតិបត្តិនូវតួនាទី និងភារកិច្ច ដើម្បីតបស្នងចំពោះទំនុកចិត្តដែលគណបក្ស និងប្រជាជន បានប្រគល់ជូន ពិសេសការបម្រើប្រជាជន ប្រកបដោយភាពស្មោះត្រង់ និងមានមនសិការវិជ្ជាជីវៈជាមួយនឹងការប្តេជ្ញាចិត្តមុតមាំ, ហ៊ានលះបង់, រួមគ្នាគិត, រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងទិសដៅរួមគ្នា ដើម្បីបម្រើប្រជាជន ដោះស្រាយបញ្ហាជូនប្រជាជន និងជំរុញការអភិវឌ្ឍក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ពិសេសការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឱ្យកាន់តែធូរធារ។
ជាមួយគ្នានេះដែរ ឯកឧត្តម ប្រាក់ សុខុន បានគូសរំលេចជូនក្រុមការងារត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការងារកសាង និងពង្រីកសមាជិកគណបក្សបន្ថែមទៀត ដោយឈរលើគោលការណ៍៖ រក្សាចាស់ បង្កើនថ្មី ហើយត្រូវធ្វើកិច្ចការនេះ ទន្ទឹមគ្នានឹងការពង្រឹងគុណភាពសមាជិកបក្ស ស្របតាមគោលការណ៍៖ សមាជិកម្នាក់ សម្លេងឆ្នោតមួយសន្លឹក ព្រមទាំងក៏ត្រូវត្រៀមកម្លាំងយុវជនសម្រាប់ការបន្តវេនផងដែរ ដោយឈរលើគោលការណ៍៖ ក្មេងត្រូវគោរពចាស់។ ទន្ទឹមនេះ ក្រុមការងារត្រូវចុះក្តាប់សតិអារម្មណ៍ និងខិតខំយកចិត្ត្តទុកដាក់ដោះស្រាយបញ្ហាលំបាកផ្សេងៗរបស់ប្រជាជន ឱ្យបានទាន់ពេលវេលា ដោយមិនប្រងើយកន្តើយនោះឡើយ ៕

