សម្ដេចធិបតី៖ ប្រទេសជាតិមួយអាចកសាងរីកចម្រើនទៅបាន គឺត្រូវមានមូលធនមនុស្សរឹងមាំ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសជាតិមួយអាចកសាងរីកចម្រើនទៅបាន គឺត្រូវមានមូលធនមនុស្សរឹងមាំ ដូច្នេះការកសាងមូលធនមនុស្សនេះ ត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ក្នុងការកំណត់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និង សមិទ្ធផលនានា នៅវត្តស្វាយពពែ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរចំពោះវិស័យពុទ្ធិកសិក្សានាពេលបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យគត់សម្គាល់ ខណៈកត្តារីកចម្រើននេះមិនអាចកើតឡើងបានទេ បើសិនជាប្រទេសគ្មានសុខសន្ដិភាព។ ហើយកត្តាសុខសន្ដិភាព មិនមែនត្រឹមតែផ្ដល់លទ្ធភាពដល់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្ដែក៏បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋអាចបដិបត្តិសាសនារៀងៗខ្លួនផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបន្តថា ការរៀនសូត្រមិនមែនទទួលត្រឹមចំណេះដឹងនោះទេ ប៉ុន្ដែកត្តាធំបំផុតគឺការជឿជាក់លើខ្លួនឯង។ យើងរៀនជំនាញបច្ចេកទេស គឺជាជំនាញរឹង ប៉ុន្ដែចរិយាធម៌ សីលធម៌ គុណធម៌ គឺជាកត្តាសំខាន់ក្នុងការទទួលបានជំនាញទន់ អាចឱ្យសិស្ស និស្សិតធ្វើការនៅក្នុងសង្គមបានល្អជាមួយអ្នកដទៃ ៕


