រៀបចំចុះបញ្ជីថ្មនៅជុំវិញប្រាសាទបាយ័ន

ភ្នំពេញ៖ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះបញ្ជីថ្មនៅជុំវិញប្រាសាទបាយ័នដើម្បីទុកដាក់ឱ្យបានថ្មល្អប្រសើរ មានភាពងាយស្រួលក្នុងការដឹងប្រភេទថ្ម។
លោក ធឿន សុខុន មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថាក្រុមការងារបានអនុវត្តកិច្ចការនេះអស់រយៈពេលចូល៥ខែមកហើយ ដោយកំណត់យកតួអក្សរសម្រាប់តាង។ ចំពោះថ្មទាំងនេះ មានខ្លះជាបំណែក ព្រះពុទ្ធរូប ព្រះកេស ផ្តែរ និងចម្លាក់ផ្សេងៗ។
បុរាណវិទូ លោក ផុន តារា បានឱ្យដឹងថា ថ្មដែលកំពុងរៀបចំទុកដាក់ឱ្យបានល្អនេះ នឹងត្រូវយក ទៅរក្សាទុក នៅបរិវេណប្រាសាទបាភួន។ ចំណែកបំណែកថ្មខ្លះដូចជាកំពូល ឬព្រហ្មមុខបួនជាដើម អ្នកជំនាញនឹងរៀបចំផ្គុំទៅតាមទីតាំងដើមវិញ ប្រសិនជាអាចរកឃើញ។
លោក តារា សង្ឃឹមថា ការរៀបចំនេះនឹងធ្វើឱ្យថ្ម មានសណ្ដាប់រៀបរយល្អ ងាយស្រួលក្នុងការយកមកប្រើប្រាស់ ឬជួសជុលប្រាសាទឡើងវិញ ក៏ដូចជាលើកតម្លៃប្រាសាទនា ពេលអនាគត៕

