ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ខួបលើកទី១៣៩ ក្រោមប្រធានបទ “ចូលរួមសហជីព សមាគម ដើម្បីលើកកម្ពស់ជីវភាព និងប្រព័ន្ធគាំពារសង្គម”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និង
ជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ខួបលើកទី១៣៩ ក្រោមប្រធានបទ “ចូលរួមសហជីព សមាគម ដើម្បីលើកកម្ពស់ជីវភាព និងប្រព័ន្ធគាំពារសង្គម” ដោយមានការចូលរួមពីសហព័ន្ធសហជីព សមាគម អង្គការសង្គមស៊ីវិល និងបងប្អូនកម្មករនិយោជិតសរុប ប្រមាណជាង ១,២០០នាក់ នៅក្នុងបរិវេនសួនច្បារកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសថ្លែងបើកពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឯកឧត្តមបណ្ឌិត បានថ្លែងថា ប.ស.ស. បានក្លាយជានិមិត្តរូប នៃសុខភាពក្នុងចិត្តរបស់ប្រជាជនយើង ដោយអាចជួយកាត់បន្ថយ បន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។
ឯកឧត្តមបណ្ឌិត បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ មានបេសកកម្មការពារសិទ្ធិ និងផលប្រយោជន៍បងប្អូនកម្មករនិយោជិត ព្រមទាំងបង្កនូវបរិយាកាសកាន់តែប្រសើរឡើងក្នុងការលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ, បង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់, ពង្រឹងប្រសិទ្ធភាពនៃយន្កការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ, ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារ។
ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហភាពការងារកម្ពុជា សហព័ន្ធ សហជីព សមាគម អង្គការសង្គមស៊ីវិល និងបងប្អូនកម្មកនិយោជិតទាំងអស់ សម្រាប់កិច្ចសហការ នៅក្នុងការរៀបចំកម្មវិធីនេះឡើង ហើយក៏ជាចលករដ៏សំខាន់នៃការលើកស្ទួយសេដ្ឋកិច្ចជាតិ ក្នុងវិស័យសំខាន់ៗដូចជាវិស័យឧស្សាហកម្មកាត់ដេរ ទេសចរណ៍ សេវាកម្ម កសិកម្ម សំណង់ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ៕

