សម្ដេចធិបតី៖ រយៈពេល៣ខែដើមឆ្នាំនេះ គណៈកម្មការបានពិនិត្យអនុម័តគម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុមានចំនួន ៥៦ គម្រោង

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គិតត្រឹមរយៈពេល ៣ ខែនៃដើមឆ្នាំ២០២៥នេះ គណៈកម្មការបានពិនិត្យអនុម័តគម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុមានចំនួន ៥៦ គម្រោងដែលផ្ដល់ការងារជាច្រើនដល់ពលរដ្ឋកម្ពុជា។
ក្នុងឳកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត ដែលកំពុងបម្រើការងារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យន្តការដែលរាជរដ្ឋាភិបាលសម្រេចឱ្យមានគណៈកម្មការពិនិត្យអនុម័តលើគម្រោងវិនិយោគនៅខេត្តព្រះសីហនុដោយផ្ទាល់មក ឃើញថាការមកបណ្ដាក់ទុននៅក្នុងខេត្តព្រះសីហនុមានការកើនឡើងជាលំដាប់។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការអភិវឌ្ឍខេត្តជាប់តំបន់ឆ្នេរសមុទ្រ ក្នុងនោះបានយកខេត្តព្រះសីហនុអនុវត្តមុនគេ ដោយកំណត់ជាតំបន់ពាណិជ្ជកម្មសេរីនៅក្នុងឆ្នាំ២០២៥នេះ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងក្នុងតំបន់ ហើយក្នុងនោះប្រព័ន្ធដឹកជញ្ជូនឡូជីស្ទិក ក៏ជាកត្តាមួយសំខាន់ក្នុងការអនុវត្តផែនការមេនេះដែរ៕

