សម្ដេចធិបតី ផ្ដាំទៅមិត្តជប៉ុនសូមកុំភ័យ, កម្ពុជា គឺបន្តនៅធ្វើការជាមួយជប៉ុនជានិច្ច

ភ្នំពេញ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត ដែលកំពុងបម្រើការងារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំទៅមិត្តជប៉ុនសូមកុំភ័យ រាជរដ្ឋាភិបាលកម្ពុជា គឺបន្តនៅធ្វើការជាមួយជប៉ុនជានិច្ច ពីព្រោះកម្ពុជាបានចាប់ផ្ដើមជាមួយមិត្តជប៉ុន តាំងពីកវែកកឆ្នាំងមកម្ល៉េះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែកម្ពុជានឹងបន្តសហការជាមួយជប៉ុនជាដៃគូយុទ្ធសាស្ត្រទ្វេភាគីលើកិច្ចសហប្រតិបត្តិការកំពង់ផែ។ សម្ដេចបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយលើការអភិវឌ្ឍកំពង់ផែនៅកម្ពុជា ពិសេសកំពង់ផែព្រះសីហនុ។
សម្ដេចធិបតី ក៏បានបញ្ជាក់ទៅភាគីជប៉ុនផងដែរថា សូមមិត្តជប៉ុនឈប់មានការភ័យព្រួយថា កម្ពុជាលែងជ្រើសរើសជប៉ុនជាដៃគូសហការលើប្រតិបត្តិការកំពង់ផែជាមួយជប៉ុននោះអី។
សម្ដេចធិបតី បានបន្ថែមថា ជប៉ុននៅតែជាដៃគូទ្វេភាគីលើកិច្ចសហការក្នុងវិស័យកំពង់ផែជាមួយកម្ពុជាជាដដែល និងបន្តទៅមុខទៀត ៕

