ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤២គ្រួសារ ក្នុងស្រុកលំផាត់ ទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អមដំណើរដោយលោក លោកស្រី សមាជិកគណៈកម្មាធិការសាខា អនុសាខា និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកលំផាត់ ចំនួន ៤២គ្រួសារ (ក្នុងនោះឃុំជ័យឧត្តម ចំនួន ៣៦ខ្នងផ្ទះ និងឃុំបាតាងចំនួន ៦ខ្នងផ្ទះ) ករណីរងគ្រោះនេះកើតឡើង កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ សាខាបានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូននាពេលនេះ និងសូមចូលរួមសោកស្តាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
ឯកឧត្តម ញ៉ែម សំអឿន បានបន្ថែមថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ស្របតាមទិសស្លោកថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។
ជាថ្មីម្តងទៀត ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពេលមេឃរកភ្លៀង កុំចេញទៅវាល និងកុំនៅក្រោមដើមឈើ ត្រូវស្វែងរកកន្លែងដែលមានសុវត្ថិភាព ជាពិសេសសូមបងប្អូនត្រូវចេះថែរក្សាសុខភាព កាត់បន្ថយការទទួលទានប្រៃពេក ផ្អែមពេក ហាត់ប្រាណជាប្រចាំ ដើម្បីបង្ការខ្លួនពីជំងឺមិនឆ្លង។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានប្រគល់ជូន រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួន ៕

