ឯកឧត្ដម ម៉ាង ស៊ីណេត៖ តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អគារជាប់គាំងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន

ភ្នំពេញ៖ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អគារជាប់គាំងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយសារជាម្ចាស់អគារ ឬម្ចាស់ក្រុមហ៊ុន អាចស្នើសុំមកក្រុមការងារ ដើម្បីទទួលបានការលើកទឹកចិត្ត។
ការថ្លែងបែបនេះរបស់ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់អគារជាប់គាំងដែលមិនទាន់បានដាក់ពាក្យស្នើសុំនៅក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា «តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អគារជាប់គាំងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយលោក លោកស្រី ដែលជាម្ចាស់អគារឬក៏ម្ចាស់ក្រុមហ៊ុន អាចស្នើសុំមកក្រុមការងារដើម្បីទទួលបានការលើកទឹកចិត្ត»។
ទន្ទឹមនេះ ការលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទព្យសម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ក្នុងនោះរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម ដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥។
ការផ្ដល់ជូននេះ មានវិសាលភាពគ្របដណ្ដប់ចំពោះគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិតឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ»។ ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួល និងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះ។
រដ្ឋបាលខេត្ត ផ្តល់ការគាំទ្រដល់គម្រោងអគារជាប់គាំង និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់ម្ចាស់គម្រោង។ ដូចនេះ សូមឱ្យម្ចាស់អគារ ឬម្ចាស់ក្រុមហ៊ុនទាំងអស់ត្រូវទៅស្នើសុំកម្មវិធីពិសេសជំរុញការវិនិយោគឱ្យបានគ្រប់ៗ គ្នាដោយមិនមានបង់ថវិកាអ្វីនោះឡើយ៕

