អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល ដើម្បីរីកធំធាត់ និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្មរបស់ខេត្ត

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ។
ថ្លែងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយដែលសហការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ «យើងឃើញថាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាពិសេសក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រដ៏ច្រើន កំពុងរីកចម្រើនទៅមុខហើយ។ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យើងក៏ត្រូវការឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរីកចម្រើន និងអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នានា ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនលើសលុបនៃតួអង្គសេដ្ឋកិច្ចរបស់យើង»។
យុទ្ធនាការផ្សព្វផ្សាយនេះមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺប្រមាណ ៣.៥០០នាក់ ហើយនេះជាយុទ្ធនាការលើកទីបួន បន្ទាប់ពីយុទ្ធនាការនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប ៕

