យ៉ាងហោចណាស់មនុស្ស ៨នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសជាថ្មីរបស់អាមេរិកលើរដ្ឋធានីយេម៉ែន

បរទេស៖ យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់កាលពីយប់ថ្ងៃអាទិត្យនៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើរដ្ឋធានី Sanaa ដែលគ្រប់គ្រងដោយក្រុម Houthi របស់ប្រទេសយេម៉ែន។
អាជ្ញាធរបាននិយាយថា មនុស្សរាប់សិបនាក់បានរងរបួស នេះបើយោងតាមការប៉ាន់ស្មានដំបូង ខណៈដែលក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែកនៃផ្ទះចំនួន៣ ដែលត្រូវបានទម្លាក់ដោយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនៅក្នុងស្រុក Bani Al-Harith ភាគខាងជើងទីក្រុង Sanaa។
ទូរទស្សន៍ Houthi-run al-Masirah បានរាយការណ៍ថា ការវាយប្រហារតាមអាកាសជិត២០ របស់សហរដ្ឋអាមេរិក សំដៅលើទីតាំងជាច្រើននៅទូទាំងភាគខាងជើងប្រទេសយេម៉ែន រួមទាំងរដ្ឋធានីពេញមួយថ្ងៃអាទិត្យ។
ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយឆ្មក់តាមអាកាសស្រដៀងគ្នារបស់សហរដ្ឋអាមេរិកបានកំណត់គោលដៅលើផ្ទះពីរនៅភាគខាងត្បូង និងភាគខាងជើងទីក្រុងសាណា តាមសេចក្តីរាយការណ៍ថាបានសម្លាប់មនុស្ស ២នាក់ និង ១០នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលដែលគ្រប់គ្រងដោយក្រុម Houthi។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីមុនថា ការវាយប្រហារតាមអាកាសថ្មី សំដៅទៅលើមេដឹកនាំក្រុម Houthi។
ភាពតានតឹងរវាងក្រុម Houthi និងយោធាអាមេរិកបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសឡើងវិញលើទីតាំងក្រុម Houthi ក្នុងប្រទេសយេម៉ែនកាលពីថ្ងៃទី១៥ ខែមីនា។ ការវាយប្រហារនេះមានគោលបំណងរារាំងក្រុម Houthi ពីគោលដៅលើអ៊ីស្រាអែល និងការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម និងអារ៉ាប់។
