សម្ដេចធិបតី សម្តែងការហួសចិត្តដែលតាម្នាក់នៅក្រៅប្រទេសនៅតែបបួលពលរដ្ឋផ្ដួលរំលំរាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការហួសចិត្តដែលតាម្នាក់នៅក្រៅប្រទេសនៅតែបបួលពលរដ្ឋផ្ដួលរំលំរាជរដ្ឋាភិបាល។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋភិបាលមិនអាចឱ្យមានករណីដូចជាចលនាកាលពីថ្ងៃទី១៨ សីហា កើតឡើងបានឡើយ។ យើងត្រូវចងចាំអតីតកាល សង្គ្រាមដែលកម្ពុជាបានឆ្លងកាត់ ដើម្បីចៀសវាងកុំឱ្យប្រវត្តិសាស្រ្ដដ៏ជូរចត់នេះកើតឡើងវិញម្ដងទៀត ហើយបែរមករួមគ្នាថែរក្សាសាមគ្គីភាព ឯកភាពជាតិ និងសុខសន្ដិភាពរបស់កម្ពុជា។
សម្ដេចធិបតី បានបន្តអំពាវនាវដល់ពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ខណៈរយៈពេល១៩ខែនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំធ្វើកិច្ចការងារច្រើនណាស់ ដើម្បីការពារអត្ថប្រយោជន៍ និងសេដ្ឋកិច្ចជាតិ។ សម្ដេចថ្លែងថា ការលំបាក អាចលំបាក តែមិនស្លាប់ទេ ប៉ុន្ដែការលំបាកតិចតួចធ្វើឱ្យយើងរឹងមាំ ៕

