សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យមន្ត្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ ហ៊ី ម៉ារីណា ជំនួយការអគ្គលេខាធិការដ្ឋាន ចំពោះមរណភាព ឯកឧត្តម សុខ សំអុល ត្រូវជាស្វាមី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ បំផុតជាមួយ លោកជំទាវ ហ៊ី ម៉ារីណា ជំនួយការអគ្គលេខាធិការដ្ឋាន និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម សុខ សំអុល ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលទទួលមរណភាពកាលពី វេលាម៉ោង ១៤ម៉៤៥ រសៀល ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៥ ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យនិងបូជាសពប្រព្រឹត្តទៅនៅម៉ោង ៨ម៉០៨ យប់ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវត្ត បញ្ជាកែវមុនីឫស្សីសាញ់ ស្ថិតនៅ ផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងនាម កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ជាព្រះប្រធានកិត្តិយស និងក្នុងនាមខ្ញុំផ្ទាល់ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូម សម្តែងការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ ឯកឧត្តម សុខ សំអុល ដែលត្រូវជាស្វាមីរបស់លោកជំទាវ ដែលមរណភាពរបស់ឯកឧត្តមគឺជាការបាត់បង់ ស្វាមី និងឪពុកដ៏ល្អមួយរូប ដែលមាន ព្រហ្មវិហារធម៌ និងគុណធម៌ដ៏ល្អប្រពៃ ចំពោះកូនៗ សាច់ញាតិ និងក្រុមគ្រួសារទាំងអស់ ជាពិសេស គឺជា ការបាត់បង់នូវមន្ត្រីដ៏ល្អ ដែលបានរួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាង លះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បំពេញភារកិច្ចក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សូមឧទ្ទិស បួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សុខ សំអុល សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕