ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Sean K. O’Niell មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងអំឡុងពេលកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣៧ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំបានពិភាក្សាអំពីវិស័យសហប្រតិបត្តិការដែលប្រកបដោយសក្តានុពលក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក និងអាទិភាពនានា ក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់អាណត្តិ២០២៤-២០២៧។
ឆ្លៀតក្នុងឱកាសនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ៕

