សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយមន្ត្រីមានសមត្ថកិច្ច ដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង ឆាប់រហ័ស និង ប្រកបដោយក្តីរីករាយ និងភាពជឿទុកចិត្ត។
ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅទីតាំងភូមិសាស្ត្រ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំ និងពន្លឿនការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរ ជាមួយ បណ្តាប្រទេសជិតខាង ដែលកិច្ចការនេះគឺផ្ដោតសំខាន់ទៅ លើតែ សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ប៉ុណ្ណោះ ដោយមិនត្រូវពាក់ព័ន្ធនឹងការចរចាអំពីព្រំដែនទឹកជាមួយបណ្តាប្រទេសជិតខាងនោះទេ។
ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រី ក៏បាមស្នើដល់ក្រសួងស្ថាប័ន និង សមត្ថកិច្ចពាក់ព័ន្ធបន្តផ្តល់កិច្ចសហការ និងសម្របសម្រួលបង្ក លក្ខណៈ ងាយស្រួល ឱ្យដំណើរការអាជីវកម្មរបស់កំពង់ផែទេស ចរណ៍អន្តរជាតិកំពតនេះ ប្រព្រឹត្តទៅដោយរលូន និងមានការគាំទ្រពីអតិថិជនប្រើប្រាស់សេវាកម្ម ដើម្បីឈានទៅបង្កើនសមត្ថភាពផ្តល់នូវជម្រើសសេវាកម្មថ្មីៗ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែបន្ថែមទៀត៕

