សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន។
សម្ដេចធិបតីបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅទីតាំងភូមិសាស្ត្រ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីបានលើកឡើងដែរថា ប្រជាពលរដ្ឋយើងគួរតែមានមោទនភាព ខណៈប្រទេសយើងជាប្រទេសតូចដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិនដែលជាប្រទេសមហាអំណាចមួយនៅលើពិភពលោក។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា តាមរយៈសេចក្តីថ្លែងការណ៍រួមរ កម្ពុជា និងចិន ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការប្រកាន់មាគ៌ាអភិវឌ្ឍន៍ដោយ ឯករាជ្យ និងស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា ព្រមទាំងគាំទ្រកម្ពុជាដោយឥតងាករេ៕

