សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី ខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមរៀបចំតុបតែង ថែរក្សាសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យដំណើរការទៅដោយសប្បាយរីករាយ និងមានសន្ដិសុខ សុវត្ថិភាព និងស្ថិរភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិបានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅទីតាំងភូមិសាស្ត្រ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសផ្សព្វផ្សាយការលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្នុងឱកាចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ នេះឱ្យពិភពលោកបានដឹងច្បាស់ពីកត្តាសុខសន្ដិភាពរបស់កម្ពុជា ៕

