ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ហាញសាច់ដុំកងកម្លាំងប្រមាណជិត២ពាន់នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ដោយអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ នៃព្រះរាជណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់ចេញនូវផែនការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសទាន់ពេលវេលា ធានាសុវត្ថិភាព ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។
ដើម្បីបង្កបរិយាកាស ប្រកបដោយភាពសុខដុមរមនា ដល់ប្រជាពលរដ្ឋទីប្រជុំជន រមណីយដ្ឋាន ទីកម្សាន្តសប្បាយភាពនានា អង្គភាព បានបញ្ចុះកងកម្លាំងប្រការ ល្បាត ត្រៀមកិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ តាមតម្រាយផ្លូវជាតិ ពង្រាយកងកម្លាំង ជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះ របស់អ្នកធ្វើដំណើរ ដោយឥរិយាបថសុភាពរៀបសារ ទន់ភ្លន់ រួសរាយ រាក់ទាក់ ក្នុងការប្រាស្រ័យទាក់ទងជាមួយមហាជន ផ្ដល់ភាពកក់ក្ដៅ ដល់ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលរួមលេងកម្សាន្តសប្បាយ។
សូមបញ្ជាក់ដែរថា៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស ២០២៥ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្ត ប្រើប្រាស់កម្លាំងនគរបាលចំនួន ១,២៦៩នាក់, ឡានសារ៉ែនចំនួន ១៥គ្រឿង, រថយន្តពន្លត់អគ្គិភ័យចំនួន ១៣គ្រឿង, រថយន្តសង្គ្រោះចំនួន ១០គ្រឿង, ម៉ូតូប្រដេញចំនួន ១៨គ្រឿង, ម៉ូតូបេីកល្បាតចល័តចំនួន ២៥០គ្រឿង, វិទ្យុទាក់ទងចំនួន ១,២២៥គ្រឿង ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ តាមទីប្រជុំជន វត្តអារាម ទីកម្សាន្តសប្បាយភាពនានា ៕

