សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះឯង។
សម្តេចបវរធិបតី បានបន្តថា ម្យ៉ាងទៀត, នៅពេលដែលកម្ពុជា ទើបសម្រេចបានសន្តិភាពពេញលេញ ក្រោយជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ, កម្ពុជា នៅពេលនោះពិតជាមានភាពខ្វះមុខ ខ្វះក្រោយ ហើយត្រូវការដៃគូសហប្រតិបត្តិការគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន។
ក្នុងឱកាសអញ្ជើញប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ព្រោះស្ថានភាពលំបាកនៅខេត្តភាគឦសាននោះហើយ បានជាកាលពីឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន កាលដែលសម្តេចកាន់តំណែងជានាយករដ្ឋមន្តី ផ្តួចផ្ដើមគំនិតឱ្យមានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា- ឡាវ-វៀតណាម (CLV-DTA)។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា នៅពេលនេះគឺជាពេលដែលត្រូវគិតគូរថា តើត្រូវធ្វើដូចម្ដេច ដើម្បីជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចឯករាជ្យមួយ មានសមត្ថភាពមិនឆ្ងាយដាច់ខ្លាំងពេកពីតំបន់ដទៃ ៕

