សម្ដេចធិបតី៖ រយៈពេល ១០ឆ្នាំ សិស្សថ្នាក់មធ្យមសិក្សាកើនឡើង ដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងសាលារៀន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល ១០ឆ្នាំនេះ សិស្សថ្នាក់មធ្យមសិក្សាកើនដល់ ៤០ ម៉ឺននាក់ដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងមានសាលារៀនច្រើននៅតាមមូលដ្ឋានភូមិឃុំ។
សម្ដេចបានលើកឡើងបែបនេះក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីបន្តថា ដើម្បីពង្រឹងគុណភាពអប់រំត្រូវពង្រឹងលើបរិមាណ និងគុណភាព។ បរិមាណ គឺត្រូវធ្វើយ៉ាងណាឱ្យសិស្សនៅគ្រប់ទីកន្លែងទូទាំងប្រទេសបានចូលរៀនសូត្រទាំងអស់គ្នា និងត្រូវរៀនសូត្រឱ្យបានចំណេះដឹងខ្ពង់ខ្ពស់កាន់តែច្រើន។
សម្ដេចនាយករដ្ឋមន្ត្រី បន្ថែមថា នៅក្រោយការរលំដួលនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម យើងពឹងផ្អែកច្រើនលើអ្នកជំនាញការបរទេសឱ្យមកជួយកសាងអភិវឌ្ឍកម្ពុជា។ កម្ពុជាបានប្រឹងប្រែងជាបន្តបន្ទាប់អភិវឌ្ឍសមត្ថភាពខ្លួនឯងដល់បច្ចុប្បន្ន ដែលធ្វើឱ្យយើងប្រើប្រាស់ធនធានមនុស្សក្នុងប្រទេសគ្រប់កន្លែងទាំងអស់ ចំពោះអ្នកជំនាញការបរទេសមាននៅសល់តិចតួចប៉ុណ្ណោះ៕

