រដ្ឋមន្ត្រី ហួត ហាក់៖ ពិធីបុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំបុណ្យទន្លេ នៅខេត្តតាកែវ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ បានបន្តដឹកនាំក្រុមការងារចុះពិនិត្យទីតាំងប្រារព្ធបុណ្យទន្លេ នៅសួនច្បារមាត់បឹងខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីបុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។
ក្នុងន័យនេះ បុណ្យទន្លេ មិនត្រឹមតែជាព្រឹត្តិការណ៍មួយសម្រាប់ខេត្តជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទាំងដោយផ្ទាល់ និងដោយប្រយោល ដូចជា៖
ទី១-បង្ហាញពីសាមគ្គីភាពរឹងមាំគ្រប់តួអង្គពាក់ព័ន្ធ តាម “អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ”
ទី២-ជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច
ទី៣-លើកកម្ពស់ការអភិវឌ្ឍបៃតង ដែលមានការគិតគូរអំពីធនធានវប្បធម៌ (ភាពជាខ្មែរ) ធម្មជាតិ និងបរិស្ថាន
ទី៤-លើកកម្ពស់ការអប់រំ និងការយល់ដឹង និង
ទី៥-លើកកម្ពស់វិស័យទេសចរណ៍ តាមរយៈព្រឹត្តិការណ៍ ៕

