១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក

ភ្នំពេញ៖ មរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ និងត្រូវបានមន្រ្តីអាជ្ញាធរគ្រប់ថ្នាក់ យកទៅផ្សព្វផ្សាយយ៉ាងសកម្ម។ ជាក់ស្ដែង ក្នុងរយៈពេល ១០ថ្ងឌ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជាង ២ម៉ឺននាក់ បានបន្តចូលរួមឈ្វេងយល់គោលនយោបាយនេះ ក្នុងកម្មវិធីផ្សព្វផ្សាយសរុបជាង ៦លើកលើក ទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រួមមាន៖ ១. ការផ្ដល់សេវាសាធារណៈ, ២. ទប់ស្កាត់បទល្មើសក្នុងសង្គម, ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ, ៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស, ៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ, ៦. ការងារអនាម័យនិងបរិស្ថាន និង៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងជំងឺរាតត្បាតកាចសាហាវ។
លោក ទូច សុឃៈ បានបញ្ជាក់ថា សកម្មភាពនៃការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តែងតែបានធ្វើឡើងយ៉ាងសកម្មនៅតាមវេទិកាសាធារណៈ ដើម្បីបញ្ជ្រាបការយល់ដឹងទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបន្តលើកទឹកចិត្តឱ្យមានការចូលរួមសហការ និងរាយការណ៍ទៅកាន់អាជ្ញាធរឃុំ សង្កាត់ឬអាជ្ញាធរដែលនៅជិតបំផុត ដើម្បីផ្តល់ភាពងាយស្រួលក្នុងចាត់វិធានការបង្ការ បង្ក្រាប និងទប់ស្កាត់បានឱ្យឆាប់រហ័ស ស្របតាមគោលការណ៍ដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត «ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍» ៕
