តំណាងសហគ្រាស គ្រឹះស្ថាន ៦៨សហគ្រាស ក្នុងខេត្តកំពង់ចាម ទទួលបានការបញ្រ្ជាបចំណេះដឹងពីគោលការណ៍ បទប្បញ្ញតិ្តច្បាប់ និងអត្ថប្រយោជន៍របស់ ប.ស.ស.

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោក សាយ សុធន ប្រធានសាខា ប.ស.ស. ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីគោលការណ៍ បទប្បញ្ញតិ្តច្បាប់ និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម ជូនដល់លោក លោកស្រី ម្ចាស់ ឬតំណាង សហគ្រាស គ្រឹះស្ថាន ចំនួន ៦៨សហគ្រាស ដែលមានអ្នកចូលរួមសរុបប្រមាណជា ៧៣នាក់ នៅសាខា ប.ស.ស. ខេត្តកំពង់ចាម។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ លោកប្រធានសាខា ប.ស.ស. បានពន្យល់ណែនាំឱ្យនិយោជកចូលរួមអនុវត្តច្បាប់ ស្តីពីរបបសន្តិសុខសង្គមឱ្យបានត្រឹមត្រូវ ដោយរាយការណ៍ពីចំនួនកម្មករឱ្យបានត្រឹមត្រូវ ប្រកាសប្រាក់ឈ្នួលឱ្យបានត្រឹមត្រូវ, និងបង់ភាគទានឱ្យបានទៀងទាត់ ដើម្បីធានាដល់សិទ្ធិ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិតរបស់ខ្លួន និងចៀសវាការផាកពិន័យណាមួយ ចំពោះសហគ្រាស ដែលអនុវត្តពុំត្រឹមត្រូវតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គម។
ជាមួយគ្នានេះ លោកប្រធានសាខា ប.ស.ស. ខេត្តកំពង់ចាម ក៏បានស្នើសុំដល់តំណាងសហគ្រាស គ្រឹះស្ថាន សូមផ្សព្វផ្សាយបន្តដល់កម្មករនិយោជិតរបស់ខ្លួន ដែលជាសមាជិក ប.ស.ស. ប្រសិនបើមានប្ដី-ប្រពន្ធ ឬកូននៅក្នុងបន្ទុក សូមជួយជំរុញពួកគាត់ឱ្យទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅគ្រប់សាខា ប.ស.ស. ដែលនៅជិតបំផុតឱ្យបានគ្រប់ៗគ្នា ដើម្បីក្លាយជាសមាជិក ប.ស.ស. និងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមស្របតាមបទប្បញ្ញត្តិជាធរមាន៕

