មុនប្រឈមមុខតតាំងតាមផ្លូវច្បាប់ នៅ ICC លោក ឌូតឺតេ អះអាងទទួលខុសត្រូវទាំងស្រុងចំពោះ សង្គ្រាមប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំរបស់លោក

ម៉ានីល៖ មុនចូលខ្លួនប្រឈមមុខតតាំងតាមផ្លូវច្បាប់នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នាទីក្រុងឡាអេ អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងទទួលខុសត្រូវទាំងស្រុងចំពោះ «សង្គ្រាមប្រឆាំងគ្រឿងញៀន» ក្រោមការដឹកនាំរបស់លោក។
ថ្លែងក្នុងសារវីដេអូមួយដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុក លោក ឌូតឺតេ បាននិយាយសារភាពថា៖«អ្វីក៏ដោយដែលបានកើតឡើងកាលពីអតីតកាល ខ្ញុំនឹងទទួលខុសត្រូវទាំងស្រុងចំពោះការអនុវត្តច្បាប់ និងយោធារបស់យើង។ ខ្ញុំបាននិយាយរួចហើយថា ខ្ញុំនឹងការពារអ្នក ហើយខ្ញុំនឹងទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាង។ ខ្ញុំមិនអីទេ កុំបារម្ភ..!»។ នេះគឺជាការលើកឡើងដំបូងរបស់លោក ចាប់តាំងពីត្រូវបានគេបញ្ជូនទៅកាត់ទោសនៅឯទីក្រុងឡាអេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ICC បញ្ជាក់ថា លោក ឌូតឺតេ បានយល់ព្រមទទួលយកការឃុំខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ រង់ចាំការកាត់ទោស។ គេនៅចាំបានថា កន្លងទៅ លោក ឌូតឺតេ បានប្រើប្រាស់កណ្តាប់ដៃដែកលើយុទ្ធនាកា«សង្គ្រាមបង្ក្រាបគ្រឿងញៀន» ដោយក្នុងនោះ ទាំងឈ្មួញ អ្នកប្រើប្រាស់គ្រឿងញៀន និងជនសង្ស័យរាប់ពាន់នាក់ ត្រូវបានបាញ់សម្លាប់ចោល។ មានការអះអាងថា មនុស្ស ៦២០០នាក់ត្រូវផ្តាច់ជីវិត ប៉ុន្តែខ្លះថាច្រើនជាងនេះ ចំណែកឯ ICC បញ្ជាក់ថា មនុស្សប្រមាណ៣០០០០នាក់ ត្រូវបានសម្លាប់ក្រោមរបបដឹកនាំរបស់បុរសចិត្តឆៅឌូតឺតេ។ សូមជម្រាបថា លោក ឌូធើតេ នឹងត្រូវនាំខ្លួនទៅកាត់ទោសនៅចំពោះមុខចៅក្រម ICC នៅទីក្រុងឡាអេ នៅប៉ុន្មានថ្ងៃខាងមុខ៕

