ក្រុមសកម្មប្រយុទ្ធបានសម្រុកឡើងលើរថភ្លើងនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន ពួកគេបំពាក់ទៅដោយគ្រាប់បែកអត្តឃាតពេញខ្លួនអង្គុយក្បែរអ្នកដំណើរ ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង

អ៊ីស្លាម៉ាបាដ៖ បើតាមប្រភពអះអាងនៅថ្ងៃពុធទី១២ ខែមីនាក្រុមសកម្មប្រយុទ្ធបានសម្រុកឡើងលើរថភ្លើងនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន ពួកគេបំពាក់ទៅដោយគ្រាប់បែកអត្តឃាតពេញខ្លួនអង្គុយក្បែរអ្នកដំណើរ ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមួយថ្ងៃ បន្ទាប់ពីការប្លន់លើកដំបូងដ៏ធំបំផុតរបស់ប្រទេសនេះនៅតែមានភាពស្មុគស្មាញ។
ក្រុមសកម្មប្រយុទ្ធបំបែកខ្លួន បានបំផ្ទុះផ្លូវរថភ្លើង និងបើកការបាញ់ប្រហារលើរថភ្លើង Jaffar Express កាលពីថ្ងៃអង្គារទី១១មីនា ខណៈរថភ្លើងកំពុងធ្វើដំណើរពីទីក្រុង Quetta នៃខេត្តBalochistan ឆ្ពោះទៅកាន់ទីក្រុង Peshawar ក្នុងខេត្ត Khyber Pakhtunkhwa។
ជុំវិញហេតុការណ៍នេះ កងកម្លាំងប៉ាគីស្ថានបានជួយសង្គ្រោះអ្នកដំណើរចំនួន១៥៥នាក់ ហើយរដ្ឋាភិបាលអះអាងថា ប្រតិបត្តិការសន្តិសុខមួយកំពុងដំណើរការដើម្បីរំដោះចំណាប់ខ្មាំងរាប់សិបនាក់ ដែលត្រូវបានចាប់ពង្រត់។
ក្រុមប្រដាប់អាវុធជនជាតិភាគតិចអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ហើយបានគំរាមចាប់ផ្តើមប្រហារជីវិតចំណាប់ខ្មាំងទាំងនោះ ល្កឹកណាអ្នកទោសនយោបាយ សកម្មជន និងអ្នកបាត់ខ្លួនជាច្រើនទៀតដែលត្រូវបានចាប់ពង្រត់ដោយរបបយោធា មិនត្រូវបានដោះលែងបន្ទាន់ក្នុងរយៈពេល៤៨ម៉ោង។
ជាមួយគ្នា ក្រុមប្រដាប់អាវុធជនជាតិភាគតិចអះអាងកាលពីថ្ងៃអង្គារដែរថា ខ្លួនកំពុងចាប់មនុស្សចំនួន២១៤នាក់ជាចំណាប់ខ្មាំង ខណៈមានអ្នកដំណើរសរុបចំនួន៤២៥នាក់នៅលើរថភ្លើងកំលុងពេលត្រូវបានវាយប្រហារ។ យ៉ាងណា ចំនួន ជន សកម្មប្រយុទ្ធ ដែល ជាប់ ពាក់ព័ន្ធ នឹង ការ វាយ ប្រហារ នោះ មិន ច្បាស់ លាស់ ទេ។
ជនរងគ្រោះដែលជិះលើរថភ្លើងបានលើកឡើងថា៖«មនុស្សត្រូវបានវាយប្រហារ អ្នកដំណើរបានរងរបួស ហើយអ្នកដំណើរខ្លះបានស្លាប់»។ ប្រភពសន្តិសុខ បានលើកឡើងនៅថ្ងៃពុធនេះថា មនុស្ស២៧នាក់ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ។
គួរបញ្ជាក់ថា ផ្លូវដែកប៉ាគីស្ថានបានផ្អាកប្រតិបត្តិការទាំងអស់ចាប់ពីខេត្ត Punjab និងខេត្ត Sindh ទៅកាន់តំបន់ Balochistan ពោលគឺរង់ចាំរហូតដល់ភ្នាក់ងារសន្តិសុខបញ្ជាក់ថា តំបន់នោះមានសុវត្ថិភាព៕

