ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំ AIPA CAUCUS លើកទី១៦

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំអន្តរសភាអាស៊ាន AIPA CAUCUS លើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។
កិច្ចប្រជុំនេះរៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាក្រុមការងាររៀបចំកិច្ចប្រជុំ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាជំនួយការមួយចំនួនផងដែរ។
ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា មូលបទរបស់កិច្ចប្រជុំ AIPA CAUCUS លើកទី១៦ ដែលបានកំណត់យក «សន្តិភាពតាមរយៈកិច្ចសន្ទនា» គឺជាប្រធានបទដ៏សមស្របបំផុតសម្រាប់បរិបទពិភពលោកនាពេលបច្ចុប្បន្ន ព្រោះបើយើងក្រឡេកមើលទៅ ជម្លោះនៅមជ្ឈឹមបូព៌ា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងវិបត្តិនៅភូមាជាដើម គឺគេត្រូវតែងាកមករកការសន្ទនា ដើម្បីឱ្យមានសន្តិភាពឡើងវិញ។ សង្គ្រាមនីមួយៗចំណាយលុយអស់ច្រើនណាស់ តែមិនអាចរកសន្តិភាពបានទេ គឺមានតែការសន្ទនាទេ ទើបអាចបង្កើតសន្តិភាពបាន។
ឯកឧត្តម បានលើកឡើងបន្តថា ប្រធានបទរបស់ AIPA CAUCUS លើកទី១៦ នេះ «សន្តិភាពតាមរយៈកិច្ចសន្ទនា» ក៏មានដំណើរស្របនឹង ខ្លឹមសារនៃធម្មនុញ្ញសន្តិភាពដែលបានអនុម័តនៅក្នុងសម័យប្រជុំពេញអង្គលើលកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីចុងឆ្នាំ២០២៤កន្លងមក គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានការចូលរួមគាំទ្រពីប្រតិភូជាសមាជិក IPTP ជាង ៥០ប្រទេស មកពីជុំវិញពិភពលោក ៕

