ប្រមុខរាជរដ្ឋាភិបាល៖ ប្រទេសមួយអាចខ្លាំងទៅបាន ទាល់តែយើងមានធនធានមនុស្សខ្លាំង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសមួយអាចខ្លាំងទៅបាន ទាល់តែយើងមានធនធានមនុស្សខ្លាំង ហើយប្រទេសមួយអាចមានអរិយ្យធម៌រុងរឿងបាន ទាល់តែមានធនធានមនុស្សពូកែ ។
ក្នុងឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅពេលដែលរាជរដ្ឋាភិបាលចង់ទាញអ្នកវិនិយោគឱ្យបង្កើតឧស្សាហកម្មថ្មីដែលមានកម្រិតបច្ចេកវិទ្យាខ្ពស់ជាងមុន និងមានតម្លៃខ្ពស់ជាងមុន អ្នកវិនិយោគនឹងសួរយើងថា តើយើងមានវិស្វករប៉ុន្មាននាក់? មានកម្មករជំនាញប៉ុន្មាននាក់? មានអ្នកគ្រប់គ្រងប៉ុន្មាននាក់?
សម្តេចបន្តថា ប្រសិនបើយើងខ្វះខាតមូលធនមនុស្សឬធនធានមនុស្ស យើងខ្សោយពិបាកបណ្តុះបណ្តាល ប្រាកដណាស់ អ្នកវិនិយោគនឹងជ្រើសរើសប្រទេសផ្សេងជាទីតាំងសម្រាប់ការវិនិយោគរបស់គេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា បើយើងគ្មានធនធានមនុស្សរឹងមាំ យើងមិនអាចប្រកួតប្រជែងជាមួយប្រទេសដទៃបានទេ ពោលគឺបើក្រុមហ៊ុនមួយចង់មកវិនិយោគនៅកម្ពុជាគ្រាន់តែស្តង់ដារគណនេយ្យរកមនុស្សមិនបានផង ហើយបើរដ្ឋាភិបាលមិនមានស្តង់ដារមួយដែលអន្តរជាតិត្រូវការនោះទេ ក៏គេមិនមកវិនិយោគនៅប្រទេសយើងដែរ ៕

