សម្ដេចបវរធិបតី៖ រាជរដ្ឋាភិបាល មិនអាចទៅរៀនជំនួស ឬធ្វើការជំនួសយុវជនបាននោះឡើយ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចបង្កើតឱកាសទីផ្សារ បង្កើតឱកាសការងារ ជម្រុញកំណើនសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាល មិនអាចទៅរៀនជំនួស ឬធ្វើការជំនួសយុវជននោះឡើយ។
សម្ដេចធិបតីបន្តថា ពីព្រោះយុវជនមានកាតព្វកិច្ចទៅពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងខិតខំចាប់យកឱកាស ដែលរាជរដ្ឋាភិបាល ខិតខំបង្កើតជូនដល់យុវជន។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាការពិតណាស់ ការខិតខំកសាងសមត្ថភាព ការកសាងជីវភាព និងកសាងសេដ្ឋកិច្ចផ្ទាល់របស់ពលរដ្ឋម្នាក់ៗ គឺជាការចូលរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិ និងការពារជាតិ។
ទន្ទឹមនោះផងដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ខ្ញុំនៅតែលើកជានិច្ចនូវគំនិតដ៏ត្រឹមត្រូវថា ប្រទេសរបស់អ្នកបានផ្តល់អ្វីខ្លះ ដល់អ្នក? តែត្រូវសួរវិញថា តើអ្នកបានធ្វើអ្វីខ្លះ ដល់ប្រទេសរបស់អ្នក? នេះគឺជាការបណ្តុះស្មារតីស្នេហាជាតិ តាមរយះការចូលរួមដោយលក្ខណះស្ថាបនា និងមានការទទួលខុសត្រូវរៀងៗខ្លួន ៕

