សម្តេចធិបតី៖ ការរៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ ជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការរៀបចំអង្គរសង្រ្កាន្តនៅឆ្នាំ២០២៥ នេះ គឺជាការបង្កើត ព្រឹត្តិការណ៍ទេសចរណ៍មួយទៀត ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍ ដែលនឹងជួយលើក កម្ពស់ជីវភាពប្រជាជននៅក្នុងខេត្តសៀមរាបផងដែរ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងក្នុងការពង្រឹងវិស័យទេសចរណ៍ តាមរយៈការរៀបចំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ប៉ុន្តែបែរជាមានវិទ្យុបរទេសមួយចំនួន ចោទប្រកាន់ថា ជារឿងអត់ប្រយោជន៍ទៅវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះ មិនមែនដើម្បីពង្វក់យុវជនកុំឱ្យគិតពីបញ្ហាសង្គម ឬក៏ដើម្បីបង្កើនប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាល នោះទេ ប៉ុន្តែ នេះជាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងដើម្បីទាក់ទាញទេសចរបរទេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចតែប៉ុណ្ណោះ៕

