សម្តេចធិបតី៖ ការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះមានសន្តិភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសមួយអាចខ្លាំងបាន ទាល់តែយើងមានធនធានមនុស្ស ការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះ មានសន្តិភាព។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី បានបញ្ជាក់ថា ប្រទេសមានការអភិវឌ្ឍ រីកចម្រើនទៅបាន លុះត្រាណាមានធនធានមនុស្សច្រើន ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយនឹងមិនអាចទៅមុខបានទេ ហើយក៏គ្មានឱកាសប្រកួតប្រជែងជាមួយប្រទេសដទៃបានដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ទៀតថា បើបើកអាជីវកម្មតូច យើងអាចប្រើជំនាញលក្ខណៈគ្រួសារ ដើម្បីគ្រប់គ្រងបាន ប៉ុន្ដែនៅពេលដែលយើងពង្រីកអាជីវកម្មខ្នាតធំហើយ គឺត្រូវតែមានការគ្រប់គ្រងដែលមានស្ដង់ដាច្បាស់លាស់ មិនអាចអនុវត្តស្ដង់ដាបែបគ្រួសារទៀតទេ។ ដូច្នេះការសិក្សារៀនសូត្រជំនាញច្បាស់លាស់ សូម្បីតែជំនាញគណនេយ្យ និងរដ្ឋបាលក្ដីពិតជាសំខាន់ណាស់ ៕

