សម្តេច ម៉ែន សំអន៖ ទិវាអន្តរជាតិ ៨មីនា ឆ្នាំនេះ បង្ហាញពីការទទួលបាន និងអនុវត្តសិទ្ធិការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅវិទ្យាល័យហ៊ុនសែនស្វាយរំពារ ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះ នារីនៅគ្រប់លំដាប់ថ្នាក់ក្នុងស្រុកស្វាយទាប ដែលបានតស៊ូគ្រប់បែបយ៉ាង ដោយមិនខ្លាចការនឿយហត់នោះទេ ដើម្បីធ្វើឲ្យការងាររបស់ខេត្តសម្រេចបាននូសមិទ្ធិផលថ្មីៗទៀត។ តាមរយៈ ជោគជ័យទាំងអស់នេះ គឺកើតចេញពីការគាំទ្រពីថ្នាក់ដឹកនាំជាស្វាមី និងការផ្តល់ឱកាសក្នុងការបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ។
សម្តេច បានមានបន្តទៀតថា ប្រធានបទឆ្នាំនេះ ក៏មានគោលបំណង គូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិការលើក កម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងបានផ្តោតសំខាន់ក្នុងការ ធ្វើការរួមគ្នា ប្រកបដោយសហថាមពលទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ តាមរយៈអភិក្រមជីវភាពនៃ ប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងចូលរួមអបអរសាទរ ខួប៣០ឆ្នាំ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង និងយុទ្ធនាការនានារបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធទៅនឹង ការលើកកម្ពស់ភាពយេនឌ័រ និងការបង្កើនភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រី៕

