សម្តេចធិបតី គាំទ្រ និងលើកទឹកចិត្តដល់ការងារការពារសុវត្ថិភាពសាធារណៈ របស់បងប្អូនសមត្ថកិច្ចទាំងអស់ ជាពិសេសនគរបាលចរាចរណ៍

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអរគុណ និងកោតសរសើរដល់បងប្អូនសមត្ថកិច្ចទាំងអស់ ជាពិសេសនគរបាលចរាចរណ៍ដែលបានខិតខំប្រឹងប្រែងគ្រប់ពេលវេលា ដើម្បីធានានូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍តាមបណ្តោយដងផ្លូវសាធារណៈនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានប្រជាជនច្រើនហើយសកម្មភាពសេដ្ឋកិច្ចក៏រស់រវើកខ្លាំង។
តាមរយៈសារសំឡេងពិសេស នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏ដូចជាស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការដឹកនាំនិងណែនាំលើកិច្ចការងារដ៏សំខាន់នេះជាប់ជាប្រចាំ។
សម្ដេចធិបតី បានបញ្ជាក់ថា សម្តេចក៏ធ្លាប់ដឹកនាំផ្ទាល់នូវការងារសន្តិសុខសម្រាប់ការពារថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ សម្តេចយល់ច្បាស់អំពីការលំបាកពេលខ្លះក្នុងការបំពេញភារកិច្ចតាមតួនាទីក្នុងការធានាតុល្យភាពនៃការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ ជាមួយនឹងការសម្រួលសកម្មភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់ការពារសុវត្ថិភាពមួយចំនួន។
ទោះជាយ៉ាងនេះក្តី ការអនុវត្តភារកិច្ចដោយម៉ឺងម៉ាត់និងម៉ត់ចត់ ប្រកបដោយភាពបត់បែនទៅតាមករណីចាំបាច់នីមួយៗ ជាពិសេសករណីពាក់ព័ន្ធជាមួយការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាកិច្ចការដែលយើងត្រូវខិតខំបន្តរួមគ្នាធ្វើដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏សូមការយោគយល់អំពីប្រជាពលរដ្ឋរបស់យើង ដែលទោះបីជាបងប្អូនសមត្ថកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ជាអតិបរមាយ៉ាងណាក៏ដោយ ក៏ពេលខ្លះមិនអាចជៀសផុតពីការរំខានដល់លំហូរចរាចរណ៍រយៈពេលខ្លីនៅតាមផ្លូវសាធារណៈមួយចំនួននោះទេ ៕

