សកម្មភាពការងាររបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ទី៦ ខែមីនា ឆ្នាំ២០២៥

នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងទៅ “រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន” ។
នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខពស់ក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព” ។
ថ្លែងនាឱកាសនោះសម្ដេចបវរធិបតីបានសង្កត់បញ្ជាក់ថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ ព្រោះថា បើទិន្នន័យនិងព័ត៌មានដែលប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុស ហើយការរៀបចំគោលនយោបាយក៏ខុសដូចគ្នា។ ការណ៍នេះនឹងធ្វើឱ្យខាតបង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុ និងពេលវេលា ហើយអ្នកដែលត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេលខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។
ជាមួយគ្នានេះ, សម្ដេចបរវធិបតី នាយករដ្ឋមន្ត្រី បានបំផុសគំនិតឱ្យយកចិត្តទុកដាក់ពិភាក្សាលើលើបរិការណ៍សកល រួមមាន ៖ (១). ការកើនឡើងនូវចរន្តគាំពារនិយម ដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា; (២). ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច (៣). សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត, និង (៤). និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើង និងរថយន្តអគ្គិសនី ជាដើម ។ បន្ថែមពីនេះ, ក្នុងបរិការណ៍កម្ពុជា, សូមមានការពិភាក្សាឱ្យបានផុលផុសលើ ៖ (១). ការកំណត់ និងអភិវឌ្ឍន៍វិស័យដែលជាប្រភពកំណើនថ្មី (២). ការត្រៀមលក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (៣). យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង មធ្យម និងធុរកិច្ចបង្កើតថ្មី និង (៤). ការអភិវឌ្ឍជំនាញបច្ចេកទេស បំពេញគម្លាតនៃជំនាញ (Skill gap) និងការបំពេញតម្រូវការនាពេលអនាគត ។
មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ជូន វិទ្យាស្ថាន បណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសលើកិច្ចការស្រាវជ្រាវរបស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ប្រកបដោយគុណវុឌ្ឍិ សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ រួមមាន៖ ទី១). ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ ដើម្បីទទួលបាននូវទស្សនាទានបន្ថែម ជាមួយនឹងចក្ខុវិស័យកាន់តែទូលំទូលាយ ក្នុងគោលដៅបង្កើនសមត្ថភាពរបស់ស្ថាប័ន សម្រាប់បម្រើដល់ការវិភាគ និង សិក្សាស្រាវជ្រាវ; ទី២). ការបំផុសគំនិតជជែកពិភាក្សាអំពីកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីបន្តលើកកម្ពស់ការបំផុសស្មារតីចូលរួមជជែកពិភាក្សា, ផ្តោះប្តូរយោបល់ និង ហ៊ានលើកជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលម្អ; និង ទី៣).បន្តបំពេញតួនាទីជាសេវាមជ្ឈមណ្ឌលប្រមូលទិន្នន័យ និងបោះពុម្ពផ្សាយឯកសារស្រាវជ្រាវបែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ការសិក្សាស្រាវជ្រាវដែលប្រើប្រាស់ព័ត៌មាន និងទិន្នន័យបឋម (Primary data) តាមរយៈការចុះប្រមូលទិន្នន័យ និង ស្ទង់មតិ ព្រោះថាសុក្រឹតភាព និងសង្គតិភាពនៃទិន្នន័យបឋម ឬ អាចហៅថាទិន្នន័យកម្រិតមីក្រូ (Micro data) គឺមានសារសំខាន់ណាស់សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬ តម្រង់ទិសវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
សម្ដេចធិបតីបានថ្លែងកោតសរសើរ និងការពេញចិត្តចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំក្រសួង ដោយមានការគាំទ្រពីមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងការបន្តកំណែទម្រង់ផ្ទៃក្នុង ការបង្កើតគំនិតផ្តួចផ្តើមថ្មីៗថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងសម្រួចការងារការទូត ក្នុងការការពារផលប្រយោជន៍គោលរបស់ជាតិ និងលើកកម្ពស់កិត្យានុភាព កិត្តិនាមរបស់កម្ពុជា ក្នុងឋានៈជាប្រទេសមួយស្មើមុខ ស្មើសិទ្ធិ លើឆាកតំបន់ និងអន្តរជាតិ។
នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតី ប្រារព្ធ«ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៧ ឆ្នាំ២០២៥» និង «ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី ៦» ។មានប្រសាសន៍ក្នុងពិធីនោះដែរសម្ដេចបវរធិបតី បានលើកឡើងថា ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និង បំផុសឱ្យកូនខ្មែររួមគ្នាការពារ ថែរក្សា និង លើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ក្នុងស្មារតីរួម «ទាំងអស់គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា»។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបន្តប្រារព្ធទិវាវប្បធម៌ជាតិ ក្រោមប្រធានបទតែមួយគឺ «យុវជន ដើម្បីវប្បធម៌ជាតិ» ក្នុងរយៈពេល ១០ឆ្នាំ នេះ ។
សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា ការប្រើប្រាស់បច្ចេកវិទ្យាដោយរួមទាំងបញ្ញាសិប្បនិម្មិត (AI) ផង កំពុងមានលក្ខណៈទូលំទូលាយក្នុងសង្គម ជាពិសេស តាមបណ្តាញសង្គម ដែលយើងសង្កេតឃើញភាគច្រើននៃការប្រើប្រាស់មានចរិតលក្ខណៈត្រឹមត្រូវគួរឱ្យគាំទ្រ ប៉ុន្តែ ជាមួយគ្នានេះ ក៏មានបញ្ហាមួយចំនួនដែលកើតចេញពីការគិតគូរមិនបានគ្រប់ជ្រុងជ្រោយ។ ហេតុនេះ សូមប្រកាន់ខ្ជាប់នូវអភិក្រម និងវប្បធម៌ ថា មានរឿងអ្វីត្រូវនិយាយរកគ្នា ប្រាស្រ័យទាក់ទងគ្នាក្នុងនាមជាខ្មែរស្រឡាញ់ខ្មែរ និងចៀសវាងការប្រើប្រាស់ពាក្យអសុរោះ ពាក្យហិង្សា ដែលប្រាសចាកពីសីលធម៌ និង វប្បធម៌ខ្មែរ។ មួយវិញទៀត រាល់ការធ្វើសកម្មភាព និងនិយាយអ្វីមួយ សូមគិតពីការប៉ះពាល់អារម្មណ៍អ្នកដទៃ និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ក្នុងសង្គមរវាងមនុស្ស និងមនុស្ស ជាពិសេសគឺត្រូវគិតគូរអំពីសេចក្ដីថ្លៃថ្នូររបស់មនុស្សដូចគ្នា។
មុននឹងបញ្ចប់ សម្ដេចបវរធិបតី បានណែនាំឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ធ្វើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពឡើងវិញឱ្យបានច្បាស់នូវតំបន់បេតិកភណ្ឌវប្បធម៌ជាតិ ឬទីតាំងបុរាណដ្ឋានទាំងអស់ ដើម្បីកំណត់ថាទីតាំងណាខ្លះដែលត្រូវការពារ និងអភិរក្ស និងទីតាំងណាខ្លះដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្ដែង ។ បន្ថែមពីនេះ ក្រសួងស្ថាប័នពាក់ព័ន្ធសូមបន្តសហការគ្នា ក្នុងការរៀបចំចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដើម្បីផ្សព្វផ្សាយអំពីសម្បត្តិវប្បធម៌របស់កម្ពុជា និងពិភពលោក ចូលរួមថែរក្សា។ ពាក់ព័ន្ធនឹងវិស័យសិល្បៈនេះដែរ សូមលើកទឹកចិត្តដល់ការកែច្នៃ ការបង្កើតថ្មី ការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី ដោយឈរលើការរក្សាអត្តសញ្ញាណជាតិជាគោល ។ សូមបន្តការស្រាវជ្រាវ និងចងក្រងនូវសិល្បវប្បធម៌ ជាពិសេសប្រភេទសិល្បៈដែលមានហានិភ័យខ្ពស់ ។
រាជរដ្ឋាភិបាលបានរៀបចំចុះបញ្ជីសង្ក្រាន្តនៅកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហេតុនេះ សូមរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំសង្ក្រាន្តឱ្យបានច្រើន និងស្របតាមប្រពៃណីជាតិខ្មែរ នៅតាមមូលដ្ឋានរបស់ខ្លួន នាឱកាសសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ។ សូមលើកទឹកចិត្តឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង វិស័យឯកជន បញ្ជូនមន្ត្រី សិល្បករ សិល្បការិនី ទៅសិក្សា ដកពិសោធន៍ និង សហការជាមួយដៃគូ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញក្នុងស្រុក។ បន្ថែមលើនេះ សូមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញឱ្យគ្រប់ស្ថានទូត និង ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ។
នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» ។ សម្ដេចមានប្រសាសន៍ថា វិនិយោគិនជាតិ និង អន្តរជាតិ បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៃធុរកិច្ច នៅកម្ពុជា ។
សម្ដេចបវរធិបតីបន្តថា កម្ពុជា ត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូល សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាច្រកទ្វារទៅកាន់តំបន់អាស៊ាន។ ជាក់ស្តែង, ក្នុងឆ្នាំ ២០២៤, កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជិត ៧ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២៣ ។
ក្នុងឱកាសនោះដែរ សម្ដេចបវរធិបតី បានមានប្រសាសន៍ថា កម្ពុជា បាន និងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា, ដែលរួមបញ្ចូលទាំង ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ, និងមជ្ឈមណ្ឌលភស្តុភារកម្ម ។ បន្ថែមលើនេះ កម្ពុជា បាន និងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម, សម្រួលនីតិវិធីគយ, សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម, និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព ។ កម្ពុជា បានផ្តល់តម្លៃខ្ពស់ ចំពោះថាមពលនៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិនិយោគិនជាតិ និងអន្តរជាតិ ដោយបានផ្តល់អាទិភាពដល់កិច្ចសន្ទនាបើកចំហ និងការជំរុញបរិយាកាសឆ្លើយតប ប្រកបដោយជវភាព ដោយរៀបចំជាទៀងទាត់នូវ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហា និងកង្វល់ចម្បងៗ របស់វិស័យឯកជន។មុននឹងបញ្ចប់ សម្ដេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល បាន និងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ដោយបានដាក់ចេញនូវវិធានការកែទម្រង់ និងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ដោយក្នុងនោះរាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួង ដែលមានសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាង ៣០ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅ កម្ពុជា, ការកែទម្រង់របស់រាជរដ្ឋាភិបាល ដែលគាំទ្រដល់ធុរកិច្ច ផ្តល់ជូននូវការលើកទឹកចិត្តដ៏គួរឱ្យទាក់ទាញ ដោយផ្អែកលើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយរួមបញ្ចូលទាំងការអនុគ្រោះពន្ធរហូតដល់ ១៥ ឆ្នាំ សម្រាប់វិស័យអាទិភាព ។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងបណ្តាខេត្តនៅភូមិភាគឦសាន ដោយផ្តល់ជូននូវការលើកទឹកចិត្តពិសេសលើសពីច្បាប់ស្តីពីវិនិយោគ ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដ៏ទូលំទូលាយ ដល់យុវជនចំនួន ១,៥ លាននាក់ ដើម្បីបំពេញតម្រូវការរបស់វិស័យឯកជន ព្រមទាំងបាន និងកំពុងផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏រឹងមាំផងដែរ ។
នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការីជាថ្នាក់ដឹកនាំសហព័ន្ធ ចូលជួបសម្តែងការគួរសម នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីដោយសង្ខេប អំពីសកម្មភាព និងវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយបច្ចុប្បន្ននេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង, រាជធានី-ខេត្ត ចំនួន២៣ ជាសមាជិក និងមានក្លឹបចំណុះសមាគមចំនួន ១៤៤ ក្លឹប។ គិតត្រឹមឆ្នាំ២០២៤, កីឡាប្រដាល់គុនខ្មែរមានអត្តពលិកសរុប ១២៣៦ នាក់ (កីឡាករ ១១៩១នាក់ និង កីឡាការិនី ៤៥នាក់), គ្រូបង្វឹក ១៤៤នាក់, គ្រូជំនួយ ១៤៨នាក់, មន្រ្តីបច្ចេកទេសអាជ្ញាកណ្តាល និងចៅក្រម ១៨០នាក់ (ស្រី ១២នាក់) និងមន្រ្តីលេខាធិការដ្ឋាន ៧នាក់។
ឯកឧត្តមប្រធានសហព័ន្ធបានបន្ថែមទៀតថា សហព័ន្ធបានយកចិត្តទុកដាក់រៀបចំការប្រកួតកីឡា ក្នុងចន្លោះពី ១៨ ទៅ ២២ កម្មវិធី ក្នុងមួយសប្តាហ៍, បានបង្កើតសង្វៀនថ្នាលប្រកួតជាអចិន្រ្តៃយ៍នៅភូមិភាគបាត់ដំបង និង ភូមិភាគសៀមរាប ព្រមទាំងបានរៀបចំកម្មវិធីប្រកួតថ្នាលចល័តទៅតាមរាជធានី ខេត្ត ក្រុង ស្រុក ប្រចាំសប្តាហ៍ផងដែរ។ ក្រៅពីនេះ, សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានផ្ដោតការយកចិត្តទុកដាក់លើការផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរនៅបរទេស ក៏ដូចជាបានចូលរួមចំណែកដល់ការងារសង្គម តួយ៉ាង ការបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជាដើម។
សម្ដេចបវរធិបតីបានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរ និងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។ សម្ដេចបវរធិបតីបានបន្ថែមទៀតថា បច្ចុប្បន្ននេះ កីឡាប្រដាល់គុនខ្មែរកំពុងទទួលបានការគាំទ្រជាខ្លាំងពីមហាជន ដែលធ្វើឱ្យវិស័យគុនខ្មែរកាន់តែមានភាពលេចធ្លោ និងកាន់តែមានឈ្មោះនៅលើឆាកអន្តរជាតិ។
នាឱកាសនេះដែរ, សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់សហព័ន្ធឱ្យបន្តខិតខំអភិវឌ្ឍវិស័យគុនខ្មែរនេះ ឱ្យកាន់តែរីកចម្រើន និងខិតខំផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែទូលំទូលាយ និងយ៉ាងផុសផុល ព្រមទាំងបានលើកទឹកចិត្តឱ្យសហព័ន្ធបន្តសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដី ឱ្យកាន់ល្អប្រសើរថែមទៀត ជាពិសេស ក្នុងការរៀបចំព្រឹត្រិការណ៍សំខាន់ៗប្រចាំឆ្នាំ។ សម្តេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យសហព័ន្ធបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានាលើពិភពលោក សំដៅពង្រីកការបណ្ដុះបណ្ដាលកីឡាប្រដាល់គុនខ្មែរ និងផ្សព្វផ្សាយរូបភាពគុនខ្មែរឱ្យកាន់តែល្បីរន្ទឺទៅលើឆាកអន្តរជាតិ ៕
