រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បានច្រានចោលនូវការលើកឡើងដែលថា ទីក្រុងវ៉ាស៉ីនតោន ប្រកាន់ជំហរគាំទ្ររុស្ស៉ី

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បានច្រានចោលនូវការលើកឡើងដែលថា ទីក្រុងវ៉ាស៉ីនតោន ប្រកាន់ជំហរគាំទ្ររុស្ស៉ី ដោយនិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងស្វែងរកការបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ដោយសន្តិវិធី។
លោក Hegseth បានប្រាប់អ្នកយកព័ត៌មានដូច្នេះថា «សារព័ត៌មាន កំពុងចាប់អារម្មណ៍លើការនិទានរឿង។
ប្រធានាធិបតីរបស់យើង ចាប់អារម្មណ៍នឹងសន្តិភាព។ ដូច្នេះគត់តែនឹងមានការសន្និដ្ឋានបែបនេះបែបនោះ ដោយចៀសមិនផុតទេ។ តួយ៉ាងដូចជា ការយល់ឃើញថា ជំហរអ្នកឯងគឺគាំទ្ររុស្ស៉ី ឈរនៅខាងរុស្ស៉ី ឬអ្វីផ្សេង… ប៉ុន្តែទាំងអស់នេះ សុទ្ធតែឥតប្រយោជន៍»។
លោក Hegseth បានបន្ថែមថា «លោកប្រធានាធិបតី បានជាប់ឆ្នោតដើម្បីនាំមកនូវសន្តិភាព ក្នុងសង្រ្គាមនេះ ហើយលោកកំពុងធ្វើការជាមួយភាគីទាំងពីរ តាមវិធីដែលលោកអាចធ្វើបាន ដើម្បីនាំពួកគេមកកាន់តុចរចា»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ លោក Hegseth បានធ្វើឡើងរួមជាមួយរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey ដែលបានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ក្នុងគោលបំណងពិភាក្សាអំពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំមួយនៅមន្ទីរបញ្ចកោណ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕
