ស្រ្តីជាមាតាដៃ១០០!

ភ្នំពេញ៖ មួយថ្ងៃៗធ្វើអីខ្លះ នៅផ្ទះមិនដឹងធ្វើអី, គ្រាន់តែមើលកូន ធ្វើតែការងារផ្ទះតិចតួចសោះ, ចាំតែលើកដៃសុំលុយ ក្នុងសង្គមខ្មែរ តាមគ្រួសារមួយចំនួន គេធ្លាប់ឮពាក្យទាំងនេះ ចេញពីមាត់ស្វាមីទៅកាន់ភរិយា។ ស្វាមីខ្លះ និយាយពាក្យទាំងនេះ នៅពេលមានអារម្មណ៍មិនល្អ អារម្មណ៍មួមៅ ឬមានរឿងរ៉ាវណាមួយជាមួយភរិយា។
តាមពិតការងារនៅក្នុងផ្ទះ ហត់នឿយមិនចាញ់ការងារក្រៅផ្ទះឡើយ ម្ល៉ោះហើយ ទើបបានជាមានពាក្យអប់រំរបស់ចាស់បុរាណខ្មែរមួយឃ្លាថា ស្រ្តីជាមាតាដៃ១០០ ដែលមានន័យយ៉ាងសាមញ្ញថា ស្ត្រីនៅក្នុងផ្ទះ ធ្វើការងារច្រើនជំពូកណាស់។
ពាក្យថា នៅផ្ទះស្រួល មិនធ្វើអី ចាំតែចាយលុយស្រាប់ បានធ្វើឱ្យភរិយាខ្លះ ត្រូវរ៉ាំរ៉ៃចិត្ត និងរងការឈឺចាប់ ព្រោះពេលឮពាក្យទាំងនេះហើយ ក៏យល់ថា ខ្លួនឯងមិនមានតម្លៃ ទាំងដែលខ្លួនឯងក៏ហត់នឿយ និងមានអារម្មណ៍ស្មុគស្មាញដែរ។
គួរដឹងថា បើភរិយាត្រូវចេញទៅធ្វើការងារខាងក្រៅដែរនោះ ហើយជួលគេឱ្យមើលកូន និងធ្វើកិច្ចការក្នុងផ្ទះ ក៏ត្រូវចំណាយប្រាក់ដែរ។ ប៉ុន្តែ ការមើលថែកូន មិនអាចអ្នកផ្សេង មើលថែបានល្អ និងមានសុវត្ថិភាពជាងភរិយាដែលជាម្តាយរបស់កូននោះទេ។ ចំណែការងារផ្ទះវិញ ក៏មិនប្រាកដថា អ្នកផ្សេង អាចធ្វើបានល្អ និងយកចិត្តទុកដាក់ដិតដល់ដូចភរិយាដែរ។
ស្វាមីដែលធ្លាប់ប្រើពាក្យខាងលើទៅកាន់ភរិយា គួរចាំថា ការងារក្នុងផ្ទះ គឺមានតម្លៃស្មើទៅនឹងការងារក្រៅផ្ទះ ហើយទស្សនៈនេះត្រូវបានគេអប់រំយ៉ាងសុសសាយនៅក្នុងសង្គមខ្មែរទៅហើយ។ មិនមែនគ្រាន់តែជាពាក្យអប់រំប៉ុណ្ណោះទេ ពាក្យនេះ រហូតដល់ទៅមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជាទៅទៀត។ មាត្រា៣៦នៃរដ្ឋធម្មនុញ្ញ ចែងថា ការងារ មេផ្ទះ មាន តម្លៃ ស្មើ គ្នា នឹង កម្រៃ ដែល បាន មក ពី ការងារ ធ្វើ នៅ ក្រៅ ផ្ទះ។
ស្វាមីក៏គួរយល់ដែរថា បើមានភរិយាអាចមើលការខុសត្រូវក្នុងផ្ទះបានល្អ មានរបៀបរៀបរយ រាប់ចាប់តាំពីមើលកូន ដាំបាយ ធ្វើម្ហូមស្លស្លុកឡើងទៅ នោះខ្លួនជាស្វាមីក៏មានកម្លាំងចិត្ត និងអារម្មណ៍មូលក្នុងការបំពេញការងារខាងក្រៅដែរ។
និយាយផ្ទុយមកវិញ បើមិនមានភរិយាដែលអាចគ្រប់គ្រងកូន គ្រប់ផ្ទះសម្បែងបានល្អ ពោលគឺក្នុងផ្ទះ មានតែរឿងរ៉ាវមិនចេះចប់ និងពោរពេញដោយភាពស្មុគស្មាញ នោះខ្លួនជាស្វាមី មិនអាចបំពេញការងារខាងក្រៅបានល្អ និងជោគជ័យឡើយ។ នេះជាគុណសម្បត្តិរបស់ភរិយា ដែលស្វាមីមិនត្រូវមើលរំលង ហេតុដូច្នេះ កុំព្រោះតែអារម្មណ៍មួម៉ៅ ឬក៏ខឹងភរិយាក្នុងពេលមួយគ្រាខ្លីណាស់ណានោះ ក៏តាំងរំលើកពាក្យទាំងនេះឡើង ដែលបង្កឱ្យភរិយាត្រូវឈឺចាប់រយៈពេលយូរនោះទេ។ ចំណែក ស្វាមីដែលគិតថា មានតែខ្លួនដែលហត់នឿយព្រោះត្រូវធ្វើការងារផ្គត់ផ្គង់គ្រួសារ ក៏គួរផ្លាស់ប្តូរផ្នត់គំនិតនេះចេញ។
ចំពោះភរិយាវិញ ក៏ត្រូវយល់ពីទុក្ខលំបាករបស់ស្វាមីដូចគ្នា មិនមែនចេះតែទារចង់បាននេះ ចង់បាននោះតាមតែចិត្តឡើយ។ ស្វាមីហត់នឿយ និងស្មុគស្មាញនឹងការងារខាងក្រៅស្រាប់ទៅហើយ ដូច្នេះ មិនគួរឱ្យក្នុងផ្ទះកើតមានរឿងធុញថប់ថែមនោះទេ។ នៅក្នុងផ្ទះ ភរិយាគួរតែក្លាយជាតួអង្គបង្កើតសុភមង្គល មិនមែនជាតួអង្គបង្កើតអបមង្គលនោះទេ។
ម្យ៉ាងទៀត រស់ក្នុងសម័យទំនើបនាពេលបច្ចុប្បន្ននេះ បើមានឱកាស ស្រ្តីត្រូវតែខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាពខ្លួនឯង តាំងពីមុនរៀបអាពាហ៍ពិពាហ៍ ហើយបើទោះជារៀបអាពាហ៍ពិពាហ៍ហើយក៏ដោយ ក៏ត្រូវខំឆ្លៀតឱកាសពង្រឹងសមត្ថភាពទៀតដែរ។ ចំពោះផ្នត់គំនិតថា កុំបារម្ភ ពេលមានស្វាមី គឺស្វាមីចិញ្ចឹម ស្រ្តីគួរតែលុបបំបាត់ចេញហើយ៕
